(រតនគិរី)៖ សមាជិកគណបក្សប្រជាជនកម្ពុជាស្រុកតាវែង ខេត្តរតនគិរី ជាង៥០០នាក់ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ ដែលជាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត បង្ហាញពីការយកប្រៀបឈានដល់ជ័យជម្នះ ក្នុងថ្ងៃបោះឆ្នោតថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
ពិធីដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតនេះ ធ្វើឡើងក្រោមអធិបតីភាពលោក មួង ប៉យ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តរតនគិរី ដោយមានការចូលរួមពីសំណាក់លោក មួង ប៉ាង ប្រធានការងារចុះមូលដ្ឋានស្រុកតាវែង និងលោក វ៉ាន់ សោភា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតាវែងព្រមទាំងសមាជិក សមាជិកាក្រុមការងារចុះជួយមូលដ្ឋានស្រុកតាវែងផងដែរ។
ពិធីដឹកនាំក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ បានប្រព្រឹត្តធ្វើឡើងដោយមានរបៀបរៀបរយ មានសណ្តាប់ធ្នាប់ ដោយគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជានិងនីតិវិធីនៃការបោះឆ្នោត។
គួរជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ។ បើតាមប្រតិទិនរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សម្រាប់ថ្ងៃទី៤ ខែមិថុនាគឺជាថ្ងៃ គ.ជ.ប បានហាមប្រាមដល់គណបក្សនយោបាយទាំងអស់ មិនឲ្យធ្វើសកម្មភាពឃោសនាឫសកម្មភាពនយោបាយអ្វីមួយនោះឡើយ ពោលគឺគ្រប់គណបក្សនយោបាយទាំងអស់ត្រូវរក្សាភាពស្ងប់ស្ងាត់។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕