(ព្រះសីហនុ)៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃចុងបិទបញ្ចប់នៃយុទ្ធនាការឃោសនារកសំលេងឆ្នោត របស់គណបក្សនយោយដែលបានចុះបញ្ជីប្រកួតប្រជែងនៅតាមឃុំសង្កាត់អាណត្តិទី៥។
សមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុយ៉ាងច្រើនកុះករ បានមកជួបជុំ និងហែក្បួនឃោសនា ថ្ងៃចុងក្រោយ ដោយបានធ្វើឡើងនៅតាមក្រុងស្រុកទាំង៥ នៃខេត្តព្រះសីហនុ។ នេះជាសច្ចធម៌ដែលគណបក្ស ប្រជាជនកម្ពុជាបានខិតខំធ្វើដើម្បីប្រយោជន៍ជាតិ និងប្រជាជននិងធ្វើប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍ ជីវភាពប្រជាជនមានភាពកាន់តែប្រសើរឡើងជាដំដាប់ក្រោម គោលនយោបាយ និងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោសែន។
ថ្លែងក្នុងពិធីសំណេះសំណាលបិទយុទ្ធនាការឃោសនានៅទីលានតេជោស្ថិតក្នុងក្រុងព្រះសីហនុ លោក តឹករ៉េត សំរេច ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានក្រុងព្រះសីហនុ បានថ្លែងថា «យើងទាំងអស់គ្នា បានចុះទៅដល់មូលដ្ឋាន តាមខ្នងផ្ទះប្រជាពលរដ្ឋ បានលើកទឹកចិត្ត និងបង្ហាញនូវគោលនយោបាយដ៏ល្អត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ សកម្មភាពសកម្មជនគណបក្សប្រជាជនកម្ពុជា បានបង្ហាញការបេជ្ញាចិត្តខ្ពស់ក្នុងបុព្វហេតុជាតិមាតុភូមិ។ យើងសង្ឃឹមថា នៅថ្ងៃបោះឆ្នោតទី៥ មិថុនា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជានឹងទទួលបានជ័យជំនះដ៏ត្រចះត្រចង់»។
លោក តឹករ៉េត សំរេច បានថ្លែងអំណរគុណសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំទាំងអស់ដែលបានដឹកនាំនាវាកម្ពុជាឆ្លងកាត់ការលំបាកគ្រប់បបែបយ៉ាង និងបានរួមសុខរួមទុក្ខជាមួយ ប្រជាពលរដ្ឋគ្រប់កាលៈទសៈ។ ឆ្នោតមួយសន្លឹក គឺមានតម្លៃសម្រាប់អាយុជីវិតយើងទាំងមូលឆ្នោតមួយសន្លឹកដើម្បីខ្លួនឯង ការអភិវឌ្ឍ និងសុខសន្តិភាពសម្រាប់ប្រទេសជាតិរបស់យើង។
លោក គួច ចំរើន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានបង្ហាញការរវាយតម្លៃចំពោះក្រុមការងារគ្រប់ថ្នាក់ បេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់នៃគណបក្សប្រជាពនកម្ពុជា ជនរួមជាតិបានចូលរួមក្នុងយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា។
លោកបានកត់សំគាល់ថា «យុទ្ធនាការឃោសនាបោះឆ្នោតបានប្រព្រឹត្តទៅក្នុងបរិយាកាសល្អ ស្រប តាមច្បាប់ និងទទួលបានការគាំទ្រយ៉ាងខ្លាំងបំផុតពីប្រជាជនគ្រប់មូលដ្ឋាន។ យើងបានធ្វើសកម្មភាពគ្រប់បែបយ៉ាងផ្សារភ្ជាប់ នឹង ជីវភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋនៅមូលដ្ឋាន»។
លោកគូសបញ្ជាក់ថា ក្នុងនាមគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ ដឹងគុណជានិច្ចចំពោះសមាជិកគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្ស បងប្អូនជនរួមជាតិដែលជានិច្ចកាលប្ដេជ្ញាចិត្តគាំទ្រ និងរួមសុខរួមទុក្ខ ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការកសាងសន្តិភាព ការអភិវឌ្ឍឃុំសង្កាត់ និងប្រទេសជាតិរយៈពេលកន្លងមក និងតទៅអនាគតទៀត៕