(កំពង់ធំ)៖ លោក ប្លោក ចាន់រដ្ឋា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំដូង ស្រុកប្រាសាទបល្ល័ង្ក នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា ដង្ហែក្បួនបិទការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងឃុំដូង ដោយមានអ្នកចូលរួមជិត ៥០០នាក់។

លោក ប្លោក ចាន់រដ្ឋា បានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបាននាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយតាមបណ្ដាមូលដ្ឋានឃុំ សង្កាត់ សុទ្ធតែមានការប្រែប្រួលមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិ ទៅមួយអាណត្តិ ដែលមិនមានគណបក្សណាអាចធ្វើបាននោះឡើយ ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សចាស់ទុំខាងនយោបាយ និងមានបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រទេស។

ជាមួយគ្នានេះដែរ លោកបានអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា កៀរគរបងប្អូន មិត្តភត្តិ ឪពុក ម្ដាយទៅចូលរួមបោះឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឱ្យបានគ្រប់គ្នា ដើម្បីគាំទ្របេក្ខជន ក្រុមប្រឹក្សាឃុំសង្កាត់ កូតាគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តការអភិវឌ្ឍមូមូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ សម្រាប់ថ្ងៃបញ្ចប់នេះគឺត្រូវបានរៀបចំនៅទីតាំងវត្តក្របៅ ហើយការដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ បានប្រព្រឹត្តទៅនៅក្នុងដែនរដ្ឋបាលឃុំដោយមានរថយន្ត ២០គ្រឿង ម៉ូតូ១១៧គ្រឿង ដោយមានការលាយឡំទៅនឹងសម្លេងឧឃោសនសព្ទ និងសម្រែកជ័យឃោសប្រកបទៅដោយខ្លឹមសារអត្ថន័យ នៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា៕