(ភ្នំពេញ)៖ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ថា IFC ដែលជាសមាជិកមួយ របស់ធនាគារពិភពលោក បានបញ្ជាក់នូវឆន្ទៈរបស់ខ្លួនថា នឹងបន្តជួយដល់កម្ពុជា បន្ថែមទៀតលើវិស័យស្រូវអង្ករ ដើម្បីប្រទេសសមាជិកអាស៊ានមួយនេះ ធ្វើសមាហរណកម្មចូលក្នុងសេដ្ឋកិច្ចសកល និងតំបន់។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ IFC និង សហព័ន្ធស្រូវអង្ករកម្ពុជា ទើបចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភានេះ បានដកស្រង់សំដីរបស់ លោក Kyle Kelhofer នាយក IFC ប្រចាំកម្ពុជា ឡាវ និងវៀតណាម ក្នុងសិក្ខាសាលារួមគ្នា ផ្តោតលើពូជដាំដុះជោគជ័យ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៦ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ភ្នំពេញថា «IFC ខិតខំបន្ថែមតម្លៃនូវគ្រប់ដំណាក់កាលទាំងអស់ ក្នុងសង្វាក់ផ្គត់ផ្គង់ ជាមួយនឹងអន្តរាគមន៍នៅដំណាក់កាលនៃការដាំដុះ ការកិន និងការនាំចេញ ដើម្បីឲ្យប្រទេសនេះ អាចធ្វើសមាហរណកម្មចូលទៅក្នុង សេដ្ឋកិច្ចសកល និងតំបន់ កាន់តែប្រសើរមួយកម្រិតទៀត»។
លោក Kyle Kelhofer បានថ្លែងទៀតថា តាមការប៉ាន់ស្មាន ផលិតកម្ម ការកែច្នៃ និងការនាំចេញអង្ករទៅកាន់ទីផ្សារ អាចផ្តល់ការងារដល់ប្រជាជនកម្ពុជា ជាង២០ ភាគរយ ដែលនេះជាការបង្ហាញពីលទ្ធផលជាវិជ្ជមាន ដែលវិស័យនេះ មានលើការបង្កើតការងារ និងកំណើនចំណូល។
តាមសេចក្តីប្រកាសព័ត៌មាន គិតរហូតមកទល់នឹងពេលនេះ IFC បានជួយសម្រួលដោយផ្ទាល់ដល់ការនាំចេញអង្ករកម្ពុជា ក្នុងតម្លៃ១៤០លានដុល្លារ ក្នុងនោះជាង៥០ភាគរយ គឺជាអង្ករក្រអូបដែលមានតម្លៃខ្ពស់។
លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែង «សហព័ន្ធស្រូវអង្ករកម្ពុជា មានទស្សនៈវិស័យចង់ឃើញ អង្ករកម្ពុជាជាអង្ករមានគុណភាពល្អបំផុត ក្នុងពិភពលោក ជាម៉ាកអង្ករ ដែលអ្នកប្រើប្រាស់ទុកចិត្ត និង ប្រើប្រាស់ប្រកបដោយគុណភាព និងមានស្ថេរភាព»។
លោកស្រី តឹករ៉េក កំរង់ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងផងដែរថា បើទោះបីជាអង្ករកម្ពុជាប្រឈមបញ្ហាលំបាកៗជាច្រើន ដែលមិនឲ្យសម្រេចតាមគោល នយោបាយមួយលានតោន តែវិស័យស្រូវអង្ករកម្ពុជាសម្រេចបាននូវភាពជោគជ័យច្រើនគួរឲ្យកត់សំគាល់។
លោកស្រីលើកឡើងថា កម្ពុជាសម្រេចបានការនាំចេញអង្ករត្រឹមតែ៥ម៉ឺនតោនប៉ុណ្ណោះក្នុងឆ្នាំ២០១០ តែដល់ដំណាច់ឆ្នាំ២០១៥ អង្ករកម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ រហូតដល់ជាង៥០ម៉ឺនតោន កើនឡើងខ្ពស់ តែទាបជាងគោលដៅដែលបានដាក់ចេញ៕