(ល្វាឯម-កណ្តាល)៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ សម្រាប់គណបក្សប្រជាជនកម្ពុជាស្រុកល្វាឯម លោក គង់ វិបុល អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកល្វាឯម បានដឹកនាំហែក្បួនយុទ្ធនាការបញ្ចប់ឃោសនារកសម្លេងឆ្នោត នៅស្រុកល្វាឯម ខេត្តកណ្តាល ដោយមានសមាជិក និងប្រជាពលរដ្ឋចូលរួមជាង៣ម៉ឺននាក់ ក្នុងនោះមានការចូលរួមពីគណបក្សស្រុក ក្រុមការងារចុះជួយមូលដ្ឋានឃុំទាំង១៥ រួមជាមួយសាខាបក្សឃុំ បានរៀបចំដង្ហែក្បួនឃោសនា ក្នុងរូបភាពទ្រង់ទ្រាយធំសម្បើមដែល មានប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់ស្រទាប់វណ្ណៈ និងសមាជិកបក្សចូលរួមប្រមាណជាង៣ម៉ឺននាក់។

សមាជិក សមាជិកា ក្រុមយុវជន សរុបប្រមាណ៣ម៉ឺននាក់ នៃឃុំទាំង១៥ នៃស្រុកល្វាឯម ខេត្តកណ្តាលរួមមាន ឃុំអរិយក្សត្រ សារិកាកែវ ពាមឧកញ៉ាអុង កោះរះ ថ្មគរ ទឹកឃ្លាំង បឹងគ្រំ ល្វាសរ កោះកែវ សំបួរ ព្រែកឬស្សី បារុង, ព្រែករៃ, ភូមិធំ និងព្រែកក្មេង។

ពិធិដឹកនាំក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ បានប្រព្រឹត្តធ្វើឡើងមានរបៀបរៀបរយ មានសណ្តាប់ល្អ ដោយគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។

គួរជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នេះបើតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

សម្រាប់ថ្ងៃទី៤ ខែមិថុនា គឺជាថ្ងៃស គ.ជ.ប បានហាមប្រាមដល់គណបក្សនយោបាយទាំងអស់មិនឱ្យធ្វើសកម្មភាពឃោសនា ឬសកម្មភាពនយោបាយអ្វីមួយនោះឡើយ ពោលគឺគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវរក្សាភាពស្ងប់ស្ងាត់។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕