(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារជួបសំណេះសំណាល និងផ្សព្វផ្សាយ គោលនយោបាយបក្សជូនប្រជាពលរដ្ឋជាង ១ពាន់នាក់ នៅឃុំកំពង់គោ ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

នាឱកាសនោះដែរ លោកស្រីបានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍរហូតដល់បច្ចុប្បន្ននេះ ក៏ដោយសារការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា។

លោកស្រីបានបន្តថា ដោយសារការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយបញ្ញាញាណរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានយកជីវិតធ្វើដើមទុន ឆ្ពោះទៅរកការរំដោះជាតិ នាំយកនូវសន្តិភាពពេញលេញ ជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស ជាពិសេសសម្តេចមានទស្សនវិស័យវែងឆ្ងាយ ក្នុងការប្រឆាំងជាមួយការរីករាលដាលនូវជំងឺកូវីដ១៩ បានសង្គ្រោះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ឱ្យរួចចាកផុតពីគ្រោះមហន្តរាយដ៏អាក្រក់ ត្រឡប់មកស្ថានភាពល្អប្រក្រតីប្រកបដោយជោគជ័យ។

លោកស្រី ឃួន ឃុនឌី បានបន្ថែមទៀតថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានសមត្ថភាពពិត និងគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាជាតិធំៗ បាននាំមកនូវសន្តិភាពពេញ ប្រទេស និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំក្លា ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ លោកស្រី បានបន្ថែមថា បើគ្មានគណបក្សប្រជាជនកម្ពុជាទេ ក៏គ្មានការអភិវឌ្ឍសង្គមជាតិមកដល់ពេលសព្វថ្ងៃនេះដែរ។ ដូច្នេះមិនត្រូវភ្លេចគុណបំណាច់ ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា លះបង់តស៊ូ ស្វែងរកសុខសន្តិភាព ស្ថេរភាពនយោបាយ និងបន្តធ្វើឲ្យប្រទេសជាតិរីកចម្រើនឡើយ។

លោកស្រីបានបញ្ជាក់ថា សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានបន្តបំពេញភារកិច្ចបម្រើដល់បងប្អូនក្នុងឃុំ ធានាបាននូវសិទ្ធិសេរីភាព ប្រជាធិបតេយ្យ សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ សុវត្ថិភាព គណនេយ្យភាព និងការទទួលខុសត្រូវចំពោះការអភិវឌ្ឍក្នុងមូលដ្ឋានរបស់យើង ព្រោះគណបក្សមានធនធានមនុស្សដែលមានសមត្ថភាពខ្ពស់គ្រប់គ្រាន់ ដែលអាចបម្រើការងារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងរយៈពេលប្រាំ៥បាន និងឆន្ទៈដ៏មុះមុត ហ៊ានធ្វើពលីកម្មអ្វីៗទាំងអស់ដើម្បីការរស់រានរបស់ប្រជាពលរដ្ឋ។

លោកស្រីបានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅតែសង្ឃឹមយ៉ាងមុតមាំថា សម្លេងឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា របស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ នៅក្នុងឃុំកំពង់គោនេះតែម្តង សូមរក្សាគោលជំហរយ៉ាងមុតមាំ ការសម្រេចិត្តឈរលើឆន្ទៈដ៏ត្រឹមត្រូវ ក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ចុងក្រោយលោកស្រី ឃួន ឃុនឌី បានក្រើនរំឮកដល់ប្រជាពលរដ្ឋទូទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវត្តាបាចផ្កាឱ្យពរជ័យជានិមិត្តសញ្ញា នៅលើសន្លឹកឆ្នោតពិសេសនូវឃុំកំពង់គោ គណបក្សប្រជាជនកម្ពុជា ឈរលំដាប់លេខរៀងទី១៕