(កំពង់ចាម)៖ លោក ឌួង ឧត្តម អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចំការលើ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំបុសខ្នុរ និងលោក ងួន វិទូ អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំបុសខ្នុរ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រមាណ១,០០០នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅមូលដ្ឋានឃុំបុសខ្នុរ។
ក្នុងឱកាសនោះ លោកបានសម្តែងនូវមនោសញ្ជេតនា រំភើបរីករាយក្រៃលែងចំពោះវត្តមានបងប្អូន សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា មកពីភូមិទាំង១៥ ក្នុងឃុំបុសខ្នុរ និងអ្នកគាំទ្រគណបក្សប្រជាជនទាំងឡាយ ដែលបានមកចូលរួមយ៉ាងច្រើនកុះករនាពេលនេះ ដើម្បីសម្តែងនូវឆន្ទះគាំទ្រយ៉ាងក្លៀវក្លា ត្រៀមគ្រប់លក្ខណៈសម្បត្តិដើម្បីចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
បន្ថែមពីនេះ តំណាងរបស់លោក ហ៊ុន ម៉ានិត ក៏បានអរគុណដល់សមាជិក សមាជិកគណបក្សប្រជាជនកម្ពុជាឃុំបុសខ្នុរ និងអ្នកគាំទ្រគណបក្សប្រជាជនទាំងឡាយដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងធនធានផ្ទាល់ ចូលរួមឃោសនាស្វែងរកសំឡេងឆ្នោត រយៈពេល១៤ថ្ងៃមកនេះ។ ក្នុងអំឡុងពេលឃោសនាកន្លងមកនេះ យើងទាំងអស់គ្នាបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីស្វែងរកការគាំទ្រពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងគោលដៅដើម្បីយកជ័យជម្នះជូនគណបក្សរបស់យើង។
សកម្មភាពដ៏រស់រវើករបស់សមាជិក សមាជិកា និងអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅឃុំបុសខ្នុរ ពិតជាបានបង្ហាញឲ្យឃើញនូវកម្លាំងថាមពលដ៏ខ្លាំងក្លាររបស់គណបក្សយើង ជាពិសេសការគាំទ្រប្រកបដោយការជឿជាក់មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិកន្លងមកនេះ ដោយបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍឃុំ-សង្កាត់ របស់យើង
គូសបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ត្រូវបិទបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕