(បាត់ដំបង)៖ យុវជនម្នាក់ក្នុងចំណោមបក្ខពួកចំនួន១០នាក់ ប្រើប្រាស់ដាវសាំម៉ូរ៉ៃដេញកាប់ប្រហារ ទៅលើអ្នកដ៏ទៃ បង្កការភ្ញាក់ផ្អើលពេញក្រុងបាត់ដំបង យប់រំលងអាធ្រាត្រថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចទល់មុខសួនយុវ័ន ស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង រួចរត់គេចខ្លួនបាត់ តែត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានម្នាក់នៅថ្ងៃទី១៨ ខែឧសភានេះ។
លោក ឈឿង គឹមសុង នាយក្រុមបង្ការបង្ក្រាប នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគបាលខេត្ត និងបញ្ជាផ្ទាល់ដោយលោឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុក និងដោយមានការសម្របសម្រួលពីលោក ហេង លុយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងនោះ លោកក៏បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបស្រាវជ្រាវរហូតបានជនដៃដល់ម្នាក់។ លោកបញ្ជាក់ថា ជនសង្ស័យម្នាក់ខាងលើ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ បានជិះម៉ូតូប្រើប្រាស់ដាវសាំម៉ូរ៉ៃ កាប់ទៅជនរងគ្រោះរបួសក្បាល កាលពីវេលាម៉ោង២និង៤០នាទី យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចទល់មុខសួនយុវ័ន ស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ជនសង្ស័យត្រូវបានឃាត់ខ្លួនមាន ឈ្មោះ គឹម សុខលីកា ហៅប៉ាវ អាយុ២០ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ចំណែកជនរងគ្រោះមានឈ្មោះ គង់ បូរិន្ទ អាយុ២៨ឆ្នាំ រស់នៅ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង របួសបែកក្បាល។ វត្ថុតាងត្រូវបានដកហូតរួមមាន៖ ដាវសាម៉ូរ៉ៃចំនួន៣ដើម កាំបិតធំចំនួន១ និងសម្ភារប្រើប្រាស់សំរាប់វៃគ្នាមួយចំនួនទៀត។ សមត្ថកិច្ចចាប់ខ្លួនបាន កាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូន ទៅតុលាការនារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់។