(កណ្តាល)៖ យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ដែលមានរយៈពេល១៤ថ្ងៃ តាមច្បាប់ស្តីពីការរៀបចំបោះឆ្នោតត្រូវបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនានេះហើយ។ នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ លោក ស៊ុន ចាន់ថុល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល បានដឹកនាំក្រុមការងារ សមាជិក សមាជិកា យុវជន និងសកម្មជនបក្សប្រជាជនកម្ពុជា ក្នុងស្រុកកោះធំ ជិត ៧ពាន់នាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ។
បន្ទាប់ពីការជួបជុំគ្នាហើយនោះ លោក ស៊ុន ចាន់ថុល បានឈរលើរថយន្តចងរំលេចដោយទង់ជាតិ និងទង់បក្ស ស្រែកនូវជយឃោសនានា ដឹកនាំក្បួនដង្ហែតាមផ្លូវជាតិ និងចុះទៅតាមឃុំនានានៅទូទាំងស្រុកកោះធំ ប្រកបដោយភាពមហោឡារិកជាទីបំផុត។
លោក ស៊ុន ចាន់ថុល ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅតាមមូលដ្ឋានក្នុងក្រុកកោះធំនេះ មានការស្វាគមន៍ និងអបអរសាទរពីសំណាក់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗយ៉ាងច្រើនកុះករ ដោយបានបង្ហាញការគាំទ្រពេញទំហឹង ចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងការដណ្តើមយកប្រៀបខ្លាំងប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី៥ ខែមិថុនានេះ។
ថ្លែងនាឱកាសនោះលោក ស៊ុន ចាន់ថុល បានអំពាវនាវដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងស្រុកកោះធំ ប្រកាន់ខ្ជាប់ និងប្រតិបត្តិឱ្យបានត្រឹមត្រូវនូវក្រមសីលធម៌ទាំងឡាយដែលមានចែងក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីធានាឱ្យបរិយាកាសនៅក្នុងដំណើរការឃោសនាបោះឆ្នោតស្ងប់ស្ងាត់ ថ្ងៃបោះឆ្នោត រាប់សន្លឹកឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតផ្លូវការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយសុខសុវត្ថិភាព។
លោក ស៊ុន ចាន់ថុល ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋ និងសមាជិកសមាជិកាទាំងអស់ ទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ទាំងអស់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន រូបសញ្ញាទេវតាបាចផ្កា ឱ្យបានគ្រប់ៗគ្នា ដោយនាំយកទៅជាមួយនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតផងដែរ៕