(រតនគិរី)៖ លោក ជៀង អំ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តរតនគិរី នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ សមាជិក សមាជិកាគណបក្សដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្រុងបានលុង
ការដង្ហែក្បួនបិទយុទ្ធនាឃោសនាបោះឆ្នោត មានការចូលរួមពីលោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការបក្សខេត្ត និងលោក ណាប់ ប៊ុនហេង អនុប្រធានគណៈកម្មាធិការបក្សខេត្ត ព្រទាំងមានអ្នកគាំទ្រជាច្រើនផងដែរ។
នាឱកាសនោះលោក ញ៉ែម សំអឿន បានថ្លែងទៅកាន់សមាជិកគណបក្សថា ក្នុងរយៈពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់កន្លងទៅបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សប្រជាជនរួមជាមួយក្រុមការងារ គ្រប់លំដាប់ថ្នាក់បានអនុវត្តការងារយ៉ាងសកម្មនិងទទួលបានលទ្ធផលយ៉ាងល្អប្រសើរដោយជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកបក្ស និងប្រជាពលរដ្ឋនៅតាមភូមិ តាមខ្នងផ្ទះពិសេសបានធ្វើការផ្សព្វផ្សាយ យ៉ាងទូលំទូលាយអំពីគោលនយោបាយ នៃការអភិវឌ្ឍន៍ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ របស់គណបក្សប្រជាជន តាមបង្រៀនអំពីការគូសសន្លឹកឆ្នោត និងការពិនិត្យឯកសារបម្រើដល់ការបោះឆ្នោតដូចជាអត្តសញ្ញាណប័ណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត។
លោក ញ៉ែម សំអឿន ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារ មន្ត្រីបក្ស និងសមាជិកបក្សគណបក្សប្រជាជនសង្កាត់ទាំង៤ ដែលចូលរួមក្នុងការឃោសនារកសំឡេងឆ្នោត និងដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
លោក ជៀង អំ បានផ្តាំផ្ញើដល់សមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋគ្រប់គ្នាថែរក្សាសុខភាព កុំពិសារគ្រឿងស្រវឹង កុំចេញទៅណាឆ្ងាយៗ និងសូមត្រៀមខ្លួនទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ហើយត្រៀមឱ្យបានស្រេចបាច់នូវ អត្តសញ្ញាណប័ណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណបម្រើឱ្យការបោះឆ្នោត ពិសេសគឺសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ដែលមានសញ្ញារូប «ទេវតាបាចផ្កា» ដើម្បីបន្តការថែរក្សាសន្តិភាព ការអភិវឌ្ឍមូលដ្ឋាន និងដើម្បីជីវភាពសុខសាន្តរបស់ប្រជាជនយើងតទៅមុខទៀត។
គួររម្លឹកផងដែរថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ គឺចាប់ថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ តាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប)។
សម្រាប់ថ្ងៃទី៤ ខែមិថុនា គឺជាថ្ងៃស គ.ជ.ប បានហាមប្រាមដល់គណបក្សនយោបាយទាំងអស់មិនឱ្យធ្វើសកម្មភាពឃោសនា ឬសកម្មភាពនយោបាយអ្វីមួយនោះឡើយ ពោលគឺគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវរក្សាភាពស្ងប់ស្ងាត់ ការបោះឆ្នោតនឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ គឺនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២៕