(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង ០៧:០០នាទី គណបក្សខណ្ឌដង្កោ បានប្រារព្ធមីទ្ទីងបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នៅទីតាំងស្នាក់ការ គណបក្សខណ្ឌដង្កោ ក្រោមអធិបតីលោក កែប ជុតិមា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដង្កោ។
ក្រុមការងារបក្សបានចាប់ផ្ដើមហែក្បួនចេញឃោសនាបោះឆ្នោតនៅវេលាម៉ោង ០៧:២០នាទី នៅតាមតម្រាយផ្លូវសំខាន់ៗ តាមបណ្ដាសង្កាត់ទាំង១២ ហើយមកជួបជុំ និងបំបែកគ្នានៅគោលដៅទីស្នាក់ការគណបក្សខណ្ឌដង្កោវិញ នៅវេលាម៉ោង ១១:០៨នាទី ក្នុងនោះរួមមាន៖
*សមាជិក សមាជិកាចូលរួម ៣,៩៩៧នាក់
*រថយន្ត ៨១គ្រឿង
*ម៉ូតូ ១,៣៥៩គ្រឿង
*រ៉ឺម៉ក ៧២គ្រឿង
*កម្លាំងគាំទ្រតាមដងផ្លូវ ៣,៧១៨នាក់។
លោក កែប ជុតិមា បានលើកឡើងនៅចំពោះមុខសមាជិកសមាជិកាជិត៤ពាន់នាក់ថា ប្រជាជនឃើញកាន់តែច្បាស់ថែមទៀតនោះគឺក្នុងដំណាក់កាលជំងឺកូវីដ១៩ ដែលសម្ដេចតេជោបានដាក់ចេញយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការពារសុខមាលភាពសាធារណៈប្រជាជន រហូតដល់អាចរុញច្រានការរីករាលដាល់ជំងឺដ៏កាចសាហាវឱ្យបានធូរស្រាលឡើងវិញ។ តាមរយៈការខិតខំផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ពង្រឹងភាពស៉ាំក្នុងសហគមន៍ គឺបានជំរុញឱ្យរាជរដ្ឋាភិបាលបើកសេដ្ឋកិច្ចសង្គមឡើងវិញ និងនៅបានបន្តជំរុញឱ្យប្រជាជនចាក់វ៉ាក់សាំងដូសជំរុញថែមទៀត។ ទាំងនេះគឺសម្ដេចតេជោគិតគូរពីអាយុជីវិតប្រជាជនក្នុងប្រទេសកម្ពុជា ដោយសម្តេចតែងបានចាត់ទុកថាអាយុជីវិតប្រជាជនគឺសំខាន់ជាងអ្វីៗទាំងអស់។
លោកប្រធានបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនជាគណបក្សដែលមានវិន័យ ធ្វើអ្វីមានផែនការ មានយុទ្ធសាស្ត្រច្បាស់លាស់ រាប់ទាំងពីការតស៊ូរំដោះប្រជាជន ការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដែលជាសត្រូវគ្មានរូបគ្មានស្រមោល និងពិបាកប្រឆាំងជាងគេបំផុត។
លោកថា គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាគណបក្សដឹកនាំរាជរដ្ឋាភិបាលក៏មិនប្រកាន់និន្នាការនយោបាយរបស់ប្រជាជនឡើយ ពោលគឺតែងគិតគូរពីសុខទុក្ខរបស់ប្រជាជនទូទៅជានិច្ច។ លោកថា កត្តាទាំងនេះដែលដឺងនាំឱ្យប្រជាជននៅតែគាំទ្រជឿជាក់លើគណបក្សប្រជាជនកម្ពុជា ជឿជាក់លើសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅអាណត្តិបន្ទាប់។
លោកបានបញ្ជាក់ទៀតថា ការបោះឆ្នោតនៅប្រទេសកម្ពុជា គឺជាការអនុវត្តប្រជាធិបតេយ្យពិតប្រាកដ គ្មានការបង្ខិតបង្ខំ គំរាមកំហែង ប្រជាពលរដ្ឋបោះឆ្នោតដោយសេរីតាមការសម្រេចចិត្តរបស់ខ្លួន តាមឆន្ទៈ និងការគាំទ្ររបស់ខ្លួនទៅលើគណបក្សណាមួយ។ លើសពីនេះ លោកប្រធានក៏បានអំពាវនាវដល់សកម្មជន សមាជិក-សមាជិកាគណបក្ស ក៏ដូចជាប្រជាពលរដ្ឋសូមទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា»៕
ជាមួយគ្នានោះ ប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់នីមួយៗ នឹងដឹកនាំបន្តហែក្បួនឃោសនាក្នុងមូលដ្ឋានសង្កាត់របស់ខ្លួន នៅពេលរសៀលបន្តទៀត៕