(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ លោក ម៉ក់ សារុន ប្រធានក្រុមការងារ និងលោកស្រីបណ្ឌិត សភាចារ្យ ភឿង សកុណា អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកស្វាយទាប ខេត្តស្វាយរៀង បានអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្តចុះជួយស្រុកស្វាយទាប ក្រុមការងារគណបក្សចុះជួយឃុំ គណៈកម្មាធិការគណបក្សស្រុក គណៈកម្មាធិការគណបក្សឃុំ ព្រមទាំងសមាជិក សមាជិកា អ្នកគាំទ្រគណបក្ស និងក្រុមយុវជនសរុបប្រមាណជា ៣.៥០០នាក់។
សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ត្រូវបិទបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយជាទូទៅយុទ្ធនាការក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះបាន ប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ។
ក្នុងពិធីនេះផងដែរ លោកស្រីបណ្ឌិតសភាចារ្យ បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងកោតសរសើរ ជូនចំពោះសកម្មជន អ្នកគាំទ្រគណបក្សប្រជានកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រី គ.ជ.ប ដែលបានសហការរួមគ្នាគោរពច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឲ្យដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២០ ប្រព្រឹត្តបានយ៉ាងរលូន នៅក្នុងខេត្តស្វាយរៀង។
លោកស្រីបណ្ឌិតសភាចារ្យ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសំគាល់លើសន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត ក្នុងមណ្ឌលបោះឆ្នោតនៅតាមបណ្តាឃុំ ដោយយកភ្ជាប់ជាមួយខ្លួននូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណ (ឯ.អ) ឱ្យបានគ្រប់ៗគ្នា ដើម្បីសម្រេចបានស្របតាមវិធានជាយុទ្ធសាស្រ្ត សមាជិកម្នាក់ គឺជាសំឡេងគាំទ្រគណបក្សមួយសន្លឹក៕