(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ បានចេញសេចក្តីបំភ្លឺមួយ ដោយបញ្ជាក់ថា សមត្ថកិច្ចអន្តោប្រវេសន៍ប្រចាំខេត្តព្រះសីហនុ គ្រាន់តែហៅជនបរទេស ៣នាក់មកសួរនាំប៉ុណ្ណោះប៉ុន្តែមិនបាន ឃាត់ខ្លួនជនបរទេស៣នាក់នោះ ជុំវិញរឿងទិដ្ឋាការចូលមកកម្ពុជាឡើយ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានពន្យល់ថា «តាមព័ត៌មានដែលក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ទទួលបានពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា៖ សមត្ថកិច្ចអន្តោប្រវេសន៍ប្រចាំខេត្តព្រះសីហនុបានប្រទះឃើញ ជនបរទេសទាំងបីរូប គួរឲ្យសង្ស័យ ដូច្នេះសមត្ថកិច្ចអន្តោប្រវេសន៍ បានធ្វើការសាកសួរ និងបញ្ចូនជនបរទេសទាំង០៣រូប មក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងយប់ថ្ងៃដដែល។
ក្រសួងបានបញ្ជាក់បន្ថែមថា ក្រោយការសាកសួរ និងពិនិត្យឃើញថា ជនបរទេសទាំង៣រូប ពិតជាមានបំណងមកទេសចរនៅកម្ពុជា ទើបអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រេចដោះលែង ជនបរទេសទាំង៣រូបនោះ ឲ្យត្រលប់ទៅខេត្តព្រះសីហនុវិញ ដើម្បីសុំទិដ្ឋាការ ចូលកម្ពុជាតាមនីតិវិធីច្បាប់ ហើយបានចាកចេញ ទៅសមុទ្រឆ្ពោះទៅ កាន់ប្រទេសវៀតណាមតែម្តង៕