(កំពង់ឆ្នាំង)៖ លោកបណ្ឌិត ឈួន ថាវរិន្ទ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់លែង ទទួលឃុំច្រណូក នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំសមាជិកគណបក្ស បិទយុទ្ធនាការឃោសនាបោះឆ្នោតនៅឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមានសមាជិកសមាជិកាគណបក្សចំនួន៧៧៧នាក់ចូលរួម និងបានអំពាវនាវដល់សមាជិកបក្សនិងប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នា។

នាឱកាសនោះ លោកបណ្ឌិត ឈួន ថាវរិន្ទ បានថ្លែងទៅកាន់សមាជិកគណបក្សថា ក្នុងរយៈពេល១៤ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោត បេក្ខជនក្រុមប្រឹក្សាឃុំរបស់គណបក្សប្រជាជន រួមជាមួយក្រុមការងារគ្រប់លំដាប់ថ្នាក់ បានអនុវត្តការងារយ៉ាងសកម្ម និងទទួលបានលទ្ធផលល្អប្រសើរ ដោយបានជួបសំណេះសំណាល និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងសមាជិកបក្សនៅតាមភូមិ តាមខ្នងផ្ទះ ពិសេសគឺបានធ្វើការផ្សព្វផ្សាយ យ៉ាងទូលំទូលាយអំពីគោលនយោបាយនៃការអភិវឌ្ឍឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ របស់គណបក្សប្រជាជន បានណែនាំឱ្យស្គាល់អំពីលេខរៀងគណបក្សប្រជាជន បានបង្រៀនពីការគូសសន្លឹកឆ្នោត និងការត្រួតពិនិត្យឯកសារបម្រើដល់ការបោះឆ្នោត ដូចជា អត្តសញ្ញាណបណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)។

លោកប្រធានក្រុមការងារក៏បានថ្លែងអំណរគុណចំពោះក្រុមការងារ មន្រ្តីបក្ស និងសមាជិកគណបក្សប្រជាជននៃឃុំទាំង៨របស់ស្រុកកំពង់លែង និងភូមិទាំង៨របស់ឃុំច្រណូក ដែលបានចូលរួមក្នុងការឃោសនារកសំឡេងឆ្នោត រយៈពេល១៤ថ្ងៃនេះ និងដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

លោកបានផ្ដាំផ្ញើដល់សមាជិក-សមាជិកាគណបក្ស និងប្រជាពលរដ្ឋគ្រប់គ្នាថែរក្សាសុខភាព កុំពិសារគ្រឿងស្រវឹង កុំចេញទៅណាឆ្ងាយៗ និងសូមត្រៀមខ្លួនទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ហើយត្រូវត្រៀមឱ្យបានស្រេច បាច់នូវអត្តសញ្ញាណបណ្ណ ឬឯកបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ពិសេសគឺសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ដែលមានសញ្ញារូប «ទេវតាបាចផ្កា» ដើម្បីបន្តការថែរក្សាសន្តិភាព ការអភិវឌ្ឍមូលដ្ឋាន និងដើម្បីជីវភាពសុខសាន្តរបស់ប្រជាជនតទៅមុខទៀត។

គួរជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នេះបើតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ សម្រាប់ថ្ងៃទី៤ ខែមិថុនា គឺជាថ្ងៃស គ.ជ.ប បានហាមប្រាមដល់គណបក្សនយោបាយទាំងអស់មិនឱ្យធ្វើសកម្មភាពឃោសនា ឬសកម្មភាពនយោបាយអ្វីមួយនោះឡើយ ពោលគឺគ្រប់គណបក្សនយោបាយទាំងអស់ត្រូវរក្សាភាពស្ងប់ស្ងាត់។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕