(ស្វាយរៀង)៖ លោកស្រី ហ៊ឹម ម៉ាលី ក្នុងនាមក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ សមាជិក សមាជិការបស់គណបក្ស ប្រជាជនកម្ពុជា ដង្ហែក្បួនឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងឃុំសង្កែ ដោយមានអ្នកចូលរួមជិត២០០នាក់។
ការដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ បានធ្វើឡើងតាមក្បួនដង្ហែរបស់ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុករំដួលដែល ប្រព្រឹត្តិទៅយ៉ាងអធឹកអធម ដោយមានរថយន្ត ៨គ្រឿង ម៉ូតូ១០៥គ្រឿង ដោយមានការលាយឡំទៅនឹងសម្លេង ឧគ្ឃោសនាសព្ទ សម្រែកជ័យឃោសប្រកបទៅដោយខ្លឹមសារអត្ថន័យ នៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះ លោកស្រីក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសំគាល់លើសន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត ក្នុងមណ្ឌលបោះឆ្នោតនៅឃុំសង្កែ ដោយយកភ្ជាប់ជាមួយខ្លួននូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្ត សញ្ញាណ(ឯ.អ) ឱ្យបានគ្រប់ៗគ្នាកុំបីខាន។
នៅក្នុងឱកាសនោះ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅឃុំសង្កែ បានប្ដេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលបាននាំមកនូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុន សែនជាប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ។ ការឃោសនានេះមានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ មានបំណងឱ្យគណបក្សនយោបាយដែលបានអនុញ្ញាតឱ្យចុះបញ្ជីបេក្ខជន និងបេក្ខជន ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍឃុំ សង្កាត់ដល់អ្នកបោះឆ្នោតផងដែរ៕