(បាត់ដំបង)៖ លោក លឹម ផាន់ភារៈ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សឃុំកោះជីវាំង តំណាងលោក សេង យូអ៊ាន់ ប្រធានក្រុមការងារគណបក្សស្រុកឯកភ្នំ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំសមាជិក សមាជិកាគណបក្ស បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំកោះជីវាំង។
ការដឹកនាំបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំកោះជីវាំងនេះ មានសមាជិក សមាជិកាគណបក្ស ចូលរួម ៩៨៩នាក់ ដោយប្រើប្រាស់ទូកតូចទូកធំ ១៣៨ទូក។
នៅពេលបិទយុទ្ធនាការឃោសនារកសម្លេងឆ្នោតនោះ គេសង្កេតឃើញក្រុមការងារគណបក្សប្រជាជនកម្ពុជា បាននាំយកភេសជ្ជៈមួយចំនួនជូនប្រជាពលរដ្ឋ ដែលផ្ទះរបស់គាត់លើទឹកមានលើកស្លាកគណបក្សភ្លើងទៀន ដែលនេះជាការបង្ហាញនូវទឹកចិត្តស្រឡាញ់គ្នា ក្នុងនាមជាខ្មែរតែមួយ បើទោះបីជាពលរដ្ឋទាំងនោះគាំទ្រគណបក្សនយោបាយដទៃក៏ដោយ។
ថ្លែងទៅកាន់សមាជិករបស់ខ្លួន ដែលកំពុងជិះទូកឃោសនានោះ លោក លឹម ផាន់ភារៈ បានសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជូនចំពោះមន្រ្តីក្រុមការងារ និងគណបក្សគ្រប់លំដាប់ថ្នាក់ សកម្មជន អ្នកគាំទ្រ និងប្រជាពលរដ្ឋស្រុកបាភ្នំទាំងមូល ដែលបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការច្បាមជាប់មូលដ្ឋាន ចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយ ប្រជាជនអ្នកបោះឆ្នោតតាមខ្នងផ្ទះ ដើម្បីបញ្រ្ជាបសារនយោបាយ ស្តីពីសមិទ្ធផលធំៗជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ពិសេសស្នាដៃដ៏ធំធេងគ្មានអ្វីប្រៀបបានរយៈពេលជាង ២ឆ្នាំកន្លងនេះរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ស្ថិតក្រោមមគ្គុទេសក៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំចលនាជាតិប្រយុទ្ធឈ្នះកូវីដ-១៩ នាំសង្គមជាតិវិលត្រឡប់មកកាន់ប្រក្រតីភាពជាធម្មតាឡើងវិញដូចសព្វថ្ងៃ។
ទន្ទឹមនោះយុទ្ធនាការរយៈពេល១៤ថ្ងៃនេះ លោកក៏បានបញ្ជាក់អះអាងសារជាថ្មីម្តងទៀតឱ្យប្រជាជននៅគ្រប់ច្រកល្ហកឃើញច្បាស់ពីមាគ៌ា និងគោលនយោបាយឥតងាករេរបស់គណបក្សប្រជាជនកម្ពុជា ចំពោះបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព សម្រាប់អនាគតរុងរឿងរបស់សង្គមជាតិកម្ពុជានៃមនុស្សគ្រប់រូប និងគ្រប់ជំនាន់។
ចុងបញ្ចប់លោកបានអំពាវនាវបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ក្នុងស្រុកឯកភ្នំទាំងមូលអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាអនាគតរុងរឿងរបស់មាតុភូមិ និងប្រជាជនយើងគ្រប់ជំនាន់តរៀងទៅ៕