(កំពត)៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។ សម្រាប់គណបក្សប្រជាជនកម្ពុជាខេត្តកំពត បានរៀបចំដង្ហែក្បួនឃោសនាក្នុងរូបភាពទ្រង់ទ្រាយធំដែលមានប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់ស្រទាប់វណ្ណៈ និងសមាជិកបក្សចូលរួមយ៉ាងច្រើនកុះករ។
ក្បួនឃោសនាដ៏ធំនេះ ដឹដឹកនាំដោយលោកបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តំពត។
ដោយចូលរួមដង្ហែពីសំណាក់ លោកបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងលោក ជឹង ផល្លា អនុប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត ព្រមទាំងជួរថ្នាក់ដឹកនាំ ជាសមាជិក សមាជិកាគណបក្សពាក់ព័ន្ធ ជាច្រើនរូបផងដែរ។
ក្បួនឃោសនាត្រូវបានរៀបចំនៅទីតាំងពហុកីឡាដ្ឋានខេត្តកំពត ដោយក្បាលក្បួនដង្ហែ ចេញពី ពហុកីឡាដ្ឋានខេត្ត កាត់តាមផ្លូវជាតិលេខ៣ ឆ្ពោះទៅកាន់បណ្ដាស្រុកក្រុងនៃភូមិសាស្រ្តខេត្តកំពត។
ជាមួយគ្នានេះ នៅតាមបណ្តាក្រុង ស្រុកទាំង៩ ក៏បានដង្ហែក្បួនតាមមូលដ្ឋានរបស់ខ្លួន ដែលមានការស្វាគមន៍និងអបអរសាទរពីសំណាក់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ កាន់ច្រើនកុះករ និងអធិកអធម្មផងដែរ ដោយគាំទ្រយ៉ាងពេញទំហ៊ឹង ចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងការដណ្តើមយកប្រៀបខ្លាំងប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី៥ ខែមិថុនានេះ។
សម្រាប់ខេត្តកំពត រួមមាន៖ គណបក្សនយោបាយ ចំនួន ០៦ ក្នុងចំណោមគណបក្សនយោបាយ ១៧ ដែលបានចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅទូទាំងប្រទេស។
ខេត្តកំពត រួមមាន៖
* ១៖ គណបក្សប្រជាជនកម្ពុជា
* ២៖ គណបក្សភ្លើងទៀន
* ៣៖ គណបក្សខ្មែររួបរួមជាតិ
* ៤៖ គណបក្សហ៊្វុនស៊ិនប៉ិច
* ៥៖ គណបក្សយុវជនកម្ពុជា
* ៦៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
តាមមន្ត្រី គជប ខេត្តកំពត បានឲ្យដឹងថា ខេត្តកំពតមានការិយាល័យបោះឆ្នោត សរុប ១០៥០ ការិយាល័យ លើ៩៣ ឃុំ សង្កាត់ ហើយការចុះឈ្មោះប្រកួតប្រជែង ធ្វើឡើងទៅតាមលទ្ធភាព និងធនធានរបស់គណបក្សនិមួយៗ។ (ឃុំសង្កាត់ខ្លះបានចុះឈ្មោះ ខ្លះមិនបានចុះ)។ ហើយគិតមកដល់ថ្ងៃនេះ ស្ថានភាពទូទៅនៃយុទ្ធនាការឃោសនាបោះឆ្នោត មានភាពល្អប្រសើរ គ្មានការគំរាមកំហែង។
តាមការសង្កេតនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៥នេះ គណបក្សនយោបាយមានការយល់ដឹងច្រើន ពិសេសមិនមានការឃោសនាហែកហួរគ្នា ដូចអាណត្តិមុនៗទេ ហើយប្រជាពលរដ្ឋមានការយល់ដឹងនិងចូលរួមច្រើន។
គួររំលឹកថា ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត រយៈពេល១៤ថ្ងៃកន្លងទៅ សម្រាប់ខេត្តកំពត គេសង្កេតឃើញមានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលបានបើកយុទ្ធនាការឃោសនា តាមគ្រប់រូបភាព និងសម្បូរបែប ដើម្បីបង្ហាញពីគោលនយោបាយ របស់គណបក្ស និងទិសដៅនៃគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ២០២២ និង២០២៧៕