(កែប)៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។ សម្រាប់គណបក្សប្រជាជនកម្ពុជាខេត្តកែប បានរៀបចំដង្ហែក្បួនឃោសនាក្នុងរូបភាពទ្រង់ទ្រាយធំដែលមានប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់ស្រទាប់វណ្ណៈ និងសមាជិកបក្សចូលរួមប្រមាណជិត១ម៉ឺនាក់។
ក្បួនឃោសនាដ៏ធំនេះ ដឹកនាំដោយលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សមាជិក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកែប។
ដោយចូលរួមដង្ហែពីសំណាក់ លោក សំ សារីម ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងលោកបណ្ឌិត សោម ពិសិដ្ឋ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែប ព្រមទាំងជួរថ្នាក់ដឹកនាំ ជាសមាជិក សមាជិកាគណបក្សពាក់ព័ន្ធ ជាច្រើនរូប។
ក្បួនឃោសនាត្រូវបានរៀបចំនៅទីតាំងគណបក្សប្រជាជនកម្ពុជាខេត្តកែប ដោយក្បាលក្បួនដង្ហែដំណើរចេញពីទីស្នាក់ការធំគណបក្សប្រជាជនកម្ពុជាខេត្តកែប កាត់តាមផ្លូវជាតិលេខ៣៣Aឆ្ពោះទៅកាន់តាមផ្លូវជាតិលេខ៣៣។
ជាមួយគ្នានេះ នៅតាមបណ្តាក្រុង ស្រុកទាំង២ ក៏បានដង្ហែក្បួនតាមមូលដ្ឋានរបស់ខ្លួន ដែលមានការស្វាគមន៍និងអបអរសាទរពីសំណាក់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ កាន់ច្រើនកុះករ និងអធិកអធម្មផងដែរ ដោយគាំទ្រយ៉ាងពេញទំហ៊ឹង ចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងការដណ្តើមយកប្រៀបខ្លាំងប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី៥ ខែមិថុនានេះ។
សម្រាប់ខេត្តកែប មានគណបក្សនយោបាយ ចំនួន០៤ ក្នុងចំណោមគណបក្សនយោបាយ១៧ ដែលបានចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅទូទាំងប្រទេស។ខេត្តកែបរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សភ្លើងទៀន, គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។
ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត រយៈពេល១៤ថ្ងៃកន្លងទៅ សម្រាប់ខេត្តកែប គេសង្កេតឃើញមានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលបានបើកយុទ្ធនាការឃោសនា តាមគ្រប់រូបភាព និងសម្បូរបែប ដើម្បីបង្ហាញពីគោលនយោបាយ របស់គណបក្ស និងទិសដៅនៃគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ២០២២ និង២០២៧៕