(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ និងលោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាជាង៣ពាន់នាក់ រថយន្តជាង៣០០គ្រឿង ក្នុងនោះយុវជនជាង១ពាន់នាក់ ដង្ហែក្បួនឃោសនារកសម្លេងឆ្នោត សម្រាប់ថ្ងៃចុងក្រោយនៃយុទ្ធនាការ។

លោកបណ្ឌិត ម៉ា ឈឿនបានថ្លែងថា «ថ្ងៃនេះគណបក្សប្រជាជនកម្ពុជារបស់យើងបានជួបជុំគ្នាជាថ្មីម្ដងទៀត ដើម្បីប្រារព្ធពិធីបិទយុទ្ធនាការបោះឆ្នោតជ្រើសរើស ឃុំ សង្កាត់ អាណត្ដិទី៥»
ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះ លោកបានថ្លែងទៅកាន់សមាជិកបក្សថា ក្នុងរយៈពេល១៤ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោត បេក្ខជនក្រុមប្រឹក្សាឃុំរបស់គណបក្សប្រជាជន រួមជាមួយក្រុមការងារគ្រប់លំដាប់ថ្នាក់នៃស្រុកជើងព្រៃ បានអនុវត្តការងារយ៉ាងសកម្ម ដោយបានអនុវត្ដបានត្រឹមត្រូវទៅតាមច្បាប់បោះឆ្នោត និងគោរពបាននូវវិន័យ សុភាពរាបសារទន់ភ្លន់ តែម៉ឺនម៉ាត់មានសីលធម៌ថ្លៃថ្នូររក្សាបានសណ្ដប់ធ្នាប់សាធារណៈ។

លើសពីនោះទទួលបានលទ្ធផលល្អប្រសើរ ដោយបានជួបសំណេះសំណាល និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងសមាជិកបក្សនៅតាមភូមិ តាមខ្នងផ្ទះ ដោយបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ អំពីគោលនយោបាយនៃការអភិវឌ្ឍឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ របស់គណបក្សប្រជាជន បានជម្រាបពីគុណបំណាច់ដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ដូចជាការរំដោះប្រទេសជាតិ ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ដោយបាននាំមកនូវសុខសន្ដិភាព ការអភិវឌ្ឍលើគ្រប់វិស័យ។ ជាក់ស្ដែងនៅស្រុកជើងព្រៃ បាននាំមកនូវការងារជូនប្រជាជនជាច្រើន តាមរយៈរោងចក្រជាដើម ដែលឱ្យប្រជាជនយើងទទួលបាននូវប្រាក់ចំណូល។

លោកបណ្ឌិតបន្ដថា ជាមួយគ្នានោះសមាជិកបក្សក៏បានបានណែនាំឱ្យប្រជាជនស្គាល់អំពីលេខរៀងគណបក្សប្រជាជន បានបង្រៀនពីការគូសសន្លឹកឆ្នោត និងការត្រួតពិនិត្យឯកសារបម្រើដល់ការបោះឆ្នោត ដូចជា អត្តសញ្ញាណបណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងអញ្ជើញប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផងដែរ។

ទន្ទឹមនឹងនោះ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងអំណរគុណចំពោះក្រុមការងារ មន្រ្តីបក្ស និងសមាជិកគណបក្សប្រជាជននៃឃុំទាំង១០នៃស្រុកជើងព្រៃ ដែលបានចូលរួមក្នុងការឃោសនារកសំឡេងឆ្នោតរយៈពេល១៤ថ្ងៃនេះ និងដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ការបោះឆ្នោតនេះ នឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕