(ព្រះវិហារ)៖ លោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន៣៤៥០នាក់ ចូលរួមដង្ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅស្រុករវៀង ខេត្តព្រះវិហារ។
នៅក្នុងឱកាសនេះដែរ លោក មាស សុភា បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច លោកជំទាវ អនុប្រធានគណបក្ស ផ្ញើជូនសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទូទាំងខេត្តព្រះវិហារទាំងអស់ សូមមានសុខភាពល្អ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជាយើងទទួលបានជោគជ័យ។
លោក មាស សុភា បានថ្លែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំគណបក្សខេត្ត ស្រុក ក្រុង ឃុំសង្កាត់ ក៏ដូចជាក្រុមការងារថ្នាក់កណ្តាល ក្រុមការងារថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងសមាជិក សមាជិកា ទាំងអស់ ដែលរយះពេល១៤ថ្ងៃកន្លងមកនេះ ពោលចាប់តាំងពីថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ថ្ងៃទីមួយ រហូតមកដល់ថ្ងៃនេះ ដែលជាថ្ងៃបិទយុទ្ធនាការ ឃោសនាបោះឆ្នោត បានរួមគ្នាទាំងថ្ងៃទាំងយប់ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីដណ្តើមជោគជ័យជូនគណបក្សប្រជាជនកម្ពុជារបស់យើង។
ជាមួយនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងចូលមកដល់នៅថ្ងៃទី៥ ខែមិថនា ឆ្នាំ២០២២ខាងមុខនេះ លោក មាស សុភា បានថ្លែងអំពាវនាវដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជារបស់យើង អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ពិសេសត្រូវណែនាំសមាជិកគ្រួសារ ញាតិមិត្តបងប្អូន ឲ្យទៅចូលរួមបោះឆ្នោត ដោយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា ដើម្បីឲ្យប្រទេសជាតិយើង ពិសេសមូលដ្ឋានរបស់យើង កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត «មានគណបក្សប្រជាជនកម្ពុជា មានសុខសន្តិភាពនឹងការអភិវឌ្ឍន៍»។
សូមបញ្ជាក់ថា នៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរៀសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តទី៥នេះ នៅតាមស្រុក ក្រុង ទាំង៨ និងតាមឃុំ សង្កាត់ នានា នៅក្នុងខេត្តព្រះវិហារ បានរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតដូចគ្នា ដែលមានសមាជិក សមាជិកា ចូលរួមគាំទ្រយ៉ាងច្រើន ដែលនេះបានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជា មិនប្រែប្រួលនោះទេ៕