(សៀមរាប)៖ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ អាហរ័ណនីហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មាធិការ ការពារអ្នកប្រើអាស៊ាន (Asean Secrtariat) ដែលបានដាក់ចេញនូវផែនការ៦ចំណុច ក្នុងការអនុវត្តការងារ។ កិច្ចប្រជុំនេះធ្វើឡើងនៅសណ្ឋាគារ «អង្គរសិនជូរី» នៃទឹកដីខេត្តសៀមរាបចាប់ពីថ្ងៃទី១៦-១៨ ខែឧសភា ឆ្នាំ២០១៦ ដោយមានសមាជិកទំាង១០ប្រទេស ចូលរួមផងដែរ។
មន្រ្តីក្រសួងពាណិជ្ជកម្មដែលបានចូលរួមកិច្ចប្រជុំនេះ បានប្រាប់អង្គភាព Fresh News ឱ្យដឹងថា «ផែនការទាំង៦ចំនុច ក្នុងការអនុវត្តការងារខាងលើ រួមមាន៖ ទី១.ពិនិត្យ និងកែសម្រួលផែនការ សកម្មភាពយុទ្ធសាស្រ្តរបស់អាស៊ាន សម្រាប់កិច្ចការ ការពារអ្នកប្រើប្រាស់ឆ្នាំ២០១៦-២០២៥, ទី២.ការអនុម័តលើគោលការណ៍ កម្រិតខ្ពស់ចំពោះកិច្ចការពារអ្នកប្រើប្រាស់, ទី៣.ការធ្វើទំនើបកម្មលើបណ្តាបទបញ្ញត្តិ ពាក់ព័ន្ធនឹងក្របខ័ណ្ឌច្បាប់ការពារអ្នកប្រើប្រាស់, ទី៤.កិច្ចពង្រឹងការកសាង បណ្តាញទំនាក់ទំនងរវាងអង្គការ សមាគមន៍ ការពារអ្នកប្រើប្រាស់, ទី៥.ការបង្កើតប្រព័ន្ធផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកចំណេះដឹង អំពីកិច្ចការការពារអ្នកប្រើក្នុងអាស៊ាន, និងទី៦.ការរៀបចំបង្កើតគោលការណ៍ណែនាំ និងលក្ខណៈវិនិច្ឆ័យសម្រាប់កិច្ចប្រតិបត្តិយន្តការ ដោះស្រាយបណ្តឹង អ្នកប្រើតាមប្រព័ន្ធអេលិចត្រូនិច និងបណ្តាប្រធានបទពាក់ព័ន្ធមួយចំនួនផ្សេងទៀត»។
សូមបញ្ជាក់ថា ផែនការស្ដីពីការការពារអ្នកប្រើប្រាស់អាស៊ាន គឺជាឧបករណ៍គតិយុត្ត ដ៏មានសារៈសំខាន់ ក្នុងគោលបំណងរួមចំណែក បង្កើតឲ្យមានបរិយាកាស នៃពាណិជ្ជកម្ម ដែលសិទ្ធ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ត្រូវទទួលបានការការពារជាអទិភាព ហើយពាណិជ្ជករទំាងឡាយ ធ្វើការប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាព ព្រមទំាងដើម្បីធ្វើឲ្យប្រតិបត្តិការធុរកិច្ច ទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់ទៀតផង៕