(ព្រៃវែង)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង ប្រមាណ៥៩៦នាក់ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដែលជាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានដង្ហែក្បូនបិទយុទ្ធនាការឃោសនាបោះឆ្នោត បង្ហាញពីការយកប្រៀប ឈានដល់ជ័យជម្នះ ក្នុងថ្ងៃបោះឆ្នោត ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

ពិធីដង្ហែក្បូងបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតនេះ ធ្វើឡើងក្រោមអធិបតីភាពលោក បេ ទាឡេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំអង្គរស ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ព្រំ ចន្ថា, លោក អ៊ុច ពង្ស, លោកស្រី ញ៉ែម អូន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកមេសាង ទទួលឃុំអង្គរស និងសមាជិក សមាជិកាក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំអង្គរស។

ពិធិដឹកនាំក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ បានប្រព្រឹត្តធ្វើឡើងមានរបៀបរៀបរយ មានសណ្តាប់ល្អ ដោយគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។

គួរជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នេះបើតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

សម្រាប់ថ្ងៃទី៤ ខែមិថុនា គឺជាថ្ងៃស គ.ជ.ប បានហាមប្រាមដល់គណបក្សនយោបាយទាំងអស់មិនឱ្យធ្វើសកម្មភាពឃោសនា ឬសកម្មភាពនយោបាយអ្វីមួយនោះឡើយ ពោលគឺគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវរក្សាភាពស្ងប់ស្ងាត់។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕