(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ បានលើកឡើងថា ដើម្បីឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ សូមប្រជាពលរដ្ឋចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ ឲ្យបានគ្រប់គ្នា ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា។
ការលើកឡើងបែបនេះ របស់លោក អ៊ាង សុផល្លែត បានធ្វើក្នុងឱកាសលោកបន្តជួបសំណេះសំណាលជាមួយបេក្ខជនបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សមាជិកសមាជិកាបក្ស និងប្រជាពលរដ្ឋនៅតាមភូមិនានា ក្នុងភូមិសាស្រ្តឃុំគងជ័យ ឃុំទួលសុភី ឃុំដំរិល និងឃុំព្រះធាតុ នៃស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០២២។
លោក អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ក្រុមការងារចុះជួយឃុំនីមួយៗ ដែលបានយកចិត្តទុកដាក់កន្លងមក ក្នុងការចូលរួមជាមួយក្រុមការងារមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ឲ្យបានប្រសើរជាបន្តបន្ទាប់ និងបានពង្រឹងការអភិវឌ្ឍនៅតាមមូលដ្ឋានថែមទៀត។
លោក អ៊ាង សុផល្លែត បានរំលឹកដល់ប្រជាពលរដ្ឋសូមកុំឲ្យចាញ់ឧបាយកល់ជនអគតិមួយចំនួន ដែលមានគោលបំណងចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងសន្តិភាពនៅកម្ពុជា៕