(ស្វាយរៀង)៖ លោក ចាប ភក្តី ប្រធានក្រុមការងារ ចុះជួយឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ សមាជិក សមាជិកគណបក្សចំនួន ៧៥៦នាក់ រថយន្តតូច, រថយន្តធំ, គោយន្តសរុបចំនួន ៥៥គ្រឿង និងម៉ូតូចំនួន២១៦ គ្រឿង ដង្ហែបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឃុំច្រេស ស្រុកចន្រ្ទា។

ការរៀបចំដង្ហែក្បួននេះ បានធ្វើឡើងបន្ទាប់ពីជួបគ្នានៅទីស្នាក់ការណបក្សស្រុក ដែលដឹកនាំដោយលោក ម៉ឹង សំផន ប្រធានក្រុមការងារ ចុះជួយស្រុកចន្រ្ទា ខេត្តស្វាយរៀង។

នាឱកាសនោះដែរ លោក ចាប ភក្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះ ចំពោះសមាជិក-សមាជិកាគណបក្សគ្រប់រូប ជាពិសេសចំពោះក្រុមការងារគណបក្ស ដែលបានបំពេញកាតព្វកិច្ច និងរួមចំណែកបម្រើគណបក្ស និងប្រទេសជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុការងារ កសាង និងអភិវឌ្ឍប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះលោក ចាប ភក្តី បានជម្រាបពីសមិទ្ធផលសំខាន់ៗ ផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលគណបក្សសម្រេចបានកន្លងមក។ ចាប់តាំងពីគណបក្សប្រជាជន បានចាប់បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺគណបក្សប្រជាជនកើតឡើងដោយប្រជាជនសម្រាប់ប្រជាជន និងដើម្បីប្រជាជន មានន័យថាគណបក្សយើងឈរនៅខាងប្រជាជន ផ្សារភ្ជាប់ រួមសុខរួមទុក្ខជាមួយប្រជាជន ការពារនិងពុះពារគ្រប់ឧបសគ្គ និងហ៊ានធ្វើពលិកម្មឥតរួញរានៅគ្រប់កាលៈទេសៈទាំងអស់ ដើម្បីប្រជាជន និងប្រទេសកម្ពុជា បានស្ថិតស្ថេរ គង់វង្ស និងរីកចម្រើន ក្នុងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នេះបើតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

សម្រាប់ថ្ងៃទី៤ ខែមិថុនា គឺជាថ្ងៃស គ.ជ.ប បានហាមប្រាមដល់គណបក្សនយោបាយទាំងអស់ មិនឱ្យធ្វើសកម្មភាពឃោសនា ឬសកម្មភាពនយោបាយអ្វីមួយនោះឡើយ ពោលគឺគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវរក្សាភាពស្ងប់ស្ងាត់។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕