(កំពង់ចាម)៖ លោក យឹម ឆៃលី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ សមាជិក សមាជិកគណបក្សនៃសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម ជាង៥ពាន់នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
លោក យឹម ឆៃលី បានយកឱកាសនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់, ឃោសនិកគណបក្សប្រជាជនគ្រប់ជាន់ថ្នាក់, ក្រុមការងារថ្នាក់ជាតិថ្នាក់ក្រោមជាតិ ចុះជួយខេត្តកំពង់ចាម និងសមាជិក សមាជិកា យុវជននៃគណបក្សប្រជាជនទាំងអស់ ដែលបានខិតខំអស់ពីកម្លាំង កាយចិត្ត ក្នុងការបំពេញភារកិច្ចនៅគ្រប់មូលដ្ឋានទាំង១០៩ ឃុំសង្កាត់ ក្នុងខេត្តកំពង់ចាម។
នាឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា យុទ្ធនាការឃោសនារកសម្លេងឆ្នោត រយៈពេល១៤ថ្ងៃកន្លងទៅនេះ គឺបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសសេរី មានសុវត្ថិភាព មិនមានបាតុភាពហិង្សាណាមួយ កើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។
លោក អ៊ុន ចាន់ដា បានបន្តថា រយៈពេល១៤ថ្ងៃកន្លងទៅនេះ សកម្មភាពដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានប្រព្រឹត្តទៅយ៉ាងសកម្មនៅគ្រប់ក្រុង ស្រុកទាំង១០ និងឃុំ សង្កាត់ទាំង១០៩ ក្នុងខេត្តកំពង់ចាម ដោយមានការចូលរួមយ៉ាងផុលផុស ពីសមាជិក សមាជិកា និងមហាជនទូទៅនៅក្នុងខេត្ត ទាំងការដង្ហែក្បួន និងឃោសនាចំហរមានចំនួន៦៣៤លើក និងមានការចូលរួមពីសំណាក់ប្រជាជនចូលរួមសរុប៧២,៩២៣នាក់ ស្រី ៣,៩៦៧នាក់៕