(ស្ទឹងត្រែង)៖ លោក ឃុន សាវឿន អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ លោក លី មីណា ប្រធានគណៈកម្មាធិការគណបក្សស្រុក និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ សមាជិក សមាជិកាគណបក្សចំនួន ៨៨០នាក់ រថយន្ត៣៩គ្រឿង គោយន្ត១២គ្រឿង និងម៉ូតូ២១១គ្រឿង ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកបុរីអូរស្វាយសែនជ័យ។

ក្នុងឱកាសនោះដែរ ប្រធានគណៈកម្មាធិការគណបក្សស្រុក បានឡើងអានសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងអាននូវសមិទ្ធផលជាប្រវត្តិសាស្រ្តដែលគណបក្សប្រជាជនកម្ពុជា បានសម្រេចជូនជាតិ និងប្រជាជន។

ថ្លែងក្នុងពិធីបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោក ឃុន សាវឿន បានថ្លែងអំណរគុណដល់សមាជិកបក្សគ្រប់រូប ដែលបានដាក់ការជឿជាក់មកលើបក្សប្រជាជនកម្ពុជា ជារៀងរហូតមក ហើយក៏សូមជូនពរឱ្យសមាជិកគ្រប់រូប ដែលចូលរួមក្នុងយុទ្ធនាការនេះ បានប្រកបដោយភាពជោគជ័យ និងសុខសុវត្ថិភាព ព្រមទាំងបានស្នើ និងអំពាវនាវដល់ពលរដ្ឋឱ្យទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ កូតាគណបក្សប្រជាជនកម្ពុជា សំដៅបន្តការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត។

សូមរំឮកថា យុទ្ធនាការនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២៕