(បាភ្នំ-ព្រៃវែង)៖ ព្រឹកព្រលឹមមុនព្រះអាទិត្យរះ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ មន្ត្រី និងសកម្មជនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនកុះករ បានប្រមូលផ្តុំគ្នាតាមមូលដ្ឋាន ភូមិ ឃុំ ទាំងអស់ក្នុងស្រុកបាភ្នំ ដើម្បីដង្ហែក្បួនយុទ្ធនាការមកជួបជុំគ្នាចូលរួមពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលបានរៀបចំឡើងយ៉ាងមហោឡារិក នៅទីលានបាល់ទាត់ស្រុកបាភ្នំ។

ថ្លែងទៅកាន់អង្គពិធីទាំងមូល ដែលមានមនុស្សចូលរួមប្រមាណ១០,០០០នាក់ (មួយម៉ឺននាក់) លោក ព្រុំ សុខា រដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ បានសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជូនចំពោះមន្រ្តីក្រុមការងារ និងគណបក្សគ្រប់លំដាប់ថ្នាក់ សកម្មជន អ្នកគាំទ្រ និងប្រជាពលរដ្ឋស្រុកបាភ្នំទាំងមូល ដែលបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការច្បាមជាប់មូលដ្ឋាន ចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយ ប្រជាជនអ្នកបោះឆ្នោតតាមខ្នងផ្ទះ ដើម្បីបញ្រ្ជាបសារនយោបាយស្តីពីសមិទ្ធផលធំៗជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ពិសេសស្នាដៃដ៏ធំធេងគ្មានអ្វីប្រៀបបានរយៈពេលជាង ២ឆ្នាំកន្លងនេះរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ស្ថិតក្រោមមគ្គុទេសក៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំចលនាជាតិប្រយុទ្ធឈ្នះកូវីដ-១៩ នាំសង្គមជាតិវិលត្រឡប់មកកាន់ប្រក្រតីភាពជាធម្មតាឡើងវិញដូចសព្វថ្ងៃ។

ទន្ទឹមនោះយុទ្ធនាការរយៈពេល១៤ថ្ងៃនេះក៏បានបញ្ជាក់អះអាងសារជាថ្មីម្តងទៀតឱ្យប្រជាជននៅគ្រប់ច្រកល្ហកឃើញច្បាស់ពីមាគ៌ា និងគោលនយោបាយឥតងាករេរបស់គណបក្សប្រជាជនកម្ពុជា ចំពោះបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព សម្រាប់អនាគតរុងរឿងរបស់សង្គមជាតិកម្ពុជានៃមនុស្សគ្រប់រូប និងគ្រប់ជំនាន់។

ចុងបញ្ចប់លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ក្នុងស្រុកបាភ្នំទាំងមូលអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាអនាគតរុងរឿងរបស់មាតុភូមិ និងប្រជាជនយើងគ្រប់ជំនាន់តរៀងទៅ៕