(ស្វាយរៀង)៖ លោក សៅ សុខា សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារ ចុះជួយស្រុករមាសហែក នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារសមាជិកសមាជិកាគណបក្សប្រមាណ១ម៉ឺននាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុករមាសហែក។

ក្នុងពិធីបិទយុទ្ធនាការឃោសនារកសំឡេងក្នុងស្រុករមាសហែកនេះដែរលោក សៅ សុខា បានថ្លែងអំណរគុណដល់សមាជិក សមាជិកា កម្លាំងយុវជន និងសកម្មជនទាំងអស់ ដែលបានធ្វើសកម្មភាពឃោសនា និងចុះជួបប្រជាពលរដ្ឋដោយផ្ទាល់នៅតាមខ្នងផ្ទះបង្រៀនពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោត ព្រមទាំងបង្ហាញនូវគុណតម្លៃ ក៏ដូចជាកិច្ចប្រឹងប្រែងកសាងអភិវឌ្ឍន៍ជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

បន្ថែមពីនេះលោក សៅ សុខា ក៏បានឆ្លៀតរំលឹកពីគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលធំៗជាច្រើនកើតចេញពីការដឹកនាំរបស់រាជរដ្ឋាភិបាល និងមេឃុំ ចៅសង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាក្នុង អាណត្តិកន្លងទៅ ក៏ដូចជាចាប់តាំងពីការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ក្រៅតែពីលើកបង្ហាញនូវសមិទ្ធផលធំៗរបស់ជាតិដែលសម្រេចបាននាពេលកន្លងទៅហើយនោះ លោក សៅ សុខា ក៏បានឆ្លៀតគូសរំលេចនូវសមិទ្ធផលដ៏ធំនាពេលថ្មីៗក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារសុខភាពរបស់ប្រជាពលរដ្ឋពីការរាតត្បាតជំងឺកូវីដ១៩ ដោយរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ហើយនាំឱ្យមានការវាយតម្លៃ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ទន្ទឹមនឹងនេះដែរ លោក សៅ សុខា ក៏បានលើកបង្ហាញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការកែលំអរការផ្តល់សេវាសាធារណៈ និងការផ្តល់អំណាចកាន់តែច្រើនទៅដល់មេឃុំ និងចៅសង្កាត់ ដើម្បីឱ្យពួកគាត់ផ្តល់នូវសេវាសាធារណៈកាន់តែល្អប្រសើរ និងលឿនរហ័ស។ បន្ថែមពីលើនោះ ឈរលើគោលនយោបាយអភិវឌ្ឍន៍ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានទម្លាក់ថវិកាជាតិកាន់តែច្រើនឡើងដល់ឃុំ សង្កាត់ ដើម្បីរួមចំណែកការអភិវឌ្ឍនៅឃុំ សង្កាត់ឱ្យកាន់តែល្អប្រសើរឆ្លើយតបនឹងសេចក្តីត្រូវការនៃការរស់នៅរបស់ប្រជាពលរដ្ឋ។

លោកក៏បានអំពាវនាវប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ដោយបោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីផ្តល់ឱកាសឱ្យមេឃុំ/ចៅសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា បានបម្រើប្រជាពលរដ្ឋ កសាងអភិវឌ្ឍឃុំ សង្កាត់ ឱ្យកាន់តែរីកចម្រើន និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ៕