(ភ្នំពេញ)៖ បន្ទាប់ពីបានប្រកាសទទួលសិស្សចុះឈ្មោះប្រមាណ១០ថ្ងៃមកនេះ វគ្គសិក្សាថ្មីអំពីរបៀបសរសេរព័ត៌មានរបស់ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) សម្រេចឈប់ទទួលការចុះឈ្មោះសិស្សហើយ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយសារចំនួនអ្នកចុះឈ្មោះចូលរៀននេះ បានកើនឡើងគ្រប់ចំនួន៥០នាក់ មុនកាលកំណត់ទៅទៀត។
តាមការគ្រោងទុក វគ្គបណ្តុះបណ្តាលថ្មី (វគ្គទី៣) អំពីរបៀបសរសេរព័ត៌មានដំណឹង (Spot News) បទយកការណ៍ (News Feature) និងបទពិពណ៌នា (Feature Story) បានប្រកាសទទួលចាប់ពីថ្ងៃទី១៨ ខែឧសភា រហូតដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ហើយការចូលរៀន នឹងធ្វើឡើងរៀងរាល់ព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ ពីម៉ោង១០ ដល់ម៉ោង១២ព្រឹក ដោយអនុវត្តចាប់ពីថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២ តទៅ។ ប៉ុន្តែបន្ទាប់ពីប្រកាសដំណឹងនេះ ការចុះឈ្មោះបានកើនឡើងលើសការរំពឹងទុក ដែលតម្រូវឱ្យវគ្គសិក្សានេះ ត្រូវបិទការចុះឈ្មោះមុនកាលកំណត់។
វគ្គបណ្តុះបណ្តាលអំពីរបៀបសរសេរព័ត៌មានរបស់ FTC នឹងបង្រៀនផ្ទាល់ដោយ លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News ដែលមានបទពិសោធក្នុងវិស័យព័ត៌មានជាង៣០ឆ្នាំកន្លងមក។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកគឺជាអតីតនិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។
នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាមួយ ដែលចេញដោយអង្គភាព និងគ្រូបង្គោល ជាពិសេសសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសល្យល្អ នឹងទទួលបានឱកាសចូលហាត់ការណ៍ និងបម្រើការនៅក្នុងអង្គភាពព័ត៌មាន Fresh News ទៀតផង។
មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មានក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ស្នាក់ការ FTC នៅផ្ទះលេខ 9D, ផ្លូវលេខ ៥៩៨, សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឬទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334