(ស្ទឹងត្រែង)៖ លោក ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តស្ទឹងត្រែង, លោក ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សខេត្តស្ទឹងត្រែង, លោក ហួត ឈាង សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត, លោក ឈាង ឡាក់ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំសមាជិកគណបក្សបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្រុងស្ទឹងត្រែង និងអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

សម្រាប់ការដង្ហែក្បូនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅក្រុងស្ទឹងត្រែង មានអ្នកចូលរួមជាង ៣ពាន់នាក់។

នាឱកាសនោះ លោក ស្វាយ សំអ៊ាង បានថ្លែងទៅកាន់សមាជិកគណបក្សថា ក្នុងរយៈពេល១៤ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត បេក្ខជនក្រុមប្រឹក្សាឃុំ របស់គណបក្សប្រជាជន រួមជាមួយក្រុមការងារគ្រប់លំដាប់ថ្នាក់ បានអនុវត្តការងារយ៉ាងសកម្ម និងទទួលបានលទ្ធផលល្អប្រសើរ ដោយបានជួបសំណេះសំណាល និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងសមាជិកបក្សនៅតាមភូមិ តាមខ្នងផ្ទះ ពិសេសគឺបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ អំពីគោលនយោបាយនៃការអភិវឌ្ឍឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ របស់គណបក្សប្រជាជនកម្ពុជា បានណែនាំឱ្យស្គាល់អំពីលេខរៀង គណបក្សប្រជាជន បានបង្រៀនពីការគូសសន្លឹកឆ្នោត និងការត្រួតពិនិត្យឯកសារបម្រើដល់ការបោះឆ្នោត ដូចជាអត្តសញ្ញាណប័ណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)។

លោក ស្វាយ សំអ៊ាង ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារ មន្រ្តីបក្ស និងសមាជិកគណបក្សប្រជាជននៃសង្កាត់ទាំង៥ ដែលបានចូលរួមក្នុងការឃោសនារកសំឡេងឆ្នោត រយៈពេល១៤ថ្ងៃនេះនិងដង្ហែក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

បើតាមលោក ឡូយ សុផាត បានផ្ដាំផ្ញើដល់សមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋគ្រប់គ្នាថែរក្សាសុខភាព កុំពិសារគ្រឿងស្រវឹង កុំចេញទៅណាឆ្ងាយៗ និងសូមត្រៀមខ្លួនទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ហើយត្រូវត្រៀមឱ្យបានស្រេចបាច់នូវអត្តសញ្ញាណប័ណ្ណ ឬឯកបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ពិសេសគឺសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ដែលមានសញ្ញារូប «ទេវតាបាចផ្កា» ដើម្បីបន្តការថែរក្សាសន្តិភាព ការអភិវឌ្ឍមូលដ្ឋាន និងដើម្បីជីវភាពសុខសាន្តរបស់ប្រជាជនតទៅមុខទៀត។

គួរជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នេះបើតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ សម្រាប់ថ្ងៃទី៤ ខែមិថុនា គឺជាថ្ងៃស គ.ជ.ប បានហាមប្រាមដល់គណបក្សនយោបាយទាំងអស់មិនឱ្យធ្វើសកម្មភាពឃោសនា ឬសកម្មភាពនយោបាយអ្វីមួយនោះឡើយ ពោលគឺគ្រប់គណបក្សនយោបាយទាំងអស់ត្រូវរក្សាភាពស្ងប់ស្ងាត់។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕