(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានចុះសួរសុខទុក្ខ និងជួបសំណេះសំណាល ជាមួយកម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ។
ការជួបសំណេះសំណាល ជាមួយកងកម្លាំងអាវុធហត្ថខាងលើនេះ បានធ្វើឡើងក្នុងគោលបំណង ចង់ដឹងពីសុខទុក្ខរួមការងារប្រចាំថ្ងៃ និងបង្កើនភាពស្និតស្នាលរវាងថ្នាក់ដឹកនាំ និងមន្រ្តីដែលកំពុងអនុវត្តច្បាប់ក្នុងខេត្តកំពង់ស្ពឺទាំងមូល។ រដ្ឋបាលសាលាខេត្តកំពង់ស្ពឺ បានជូនដំណឹងថា គ្រប់មន្ទីរទាំង១៥ក្នុងខេត្ត រួមទាំង អង្គភាពកងកម្លាំងទាំង៣ថា ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦តទៅ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នឹងធ្វើដំណើរ ចុះសួរសុខទុក្ខមន្រ្តីរាជការនៅតាមមន្ទីរអង្គភាព ទាំងអស់ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា នេះជាលើកទី១ ក្រោយការចូលកាន់ តំណែងជាអភិបាលខេត្តរបស់លោក វ៉ី សំណាង ដែលបានបង្ហាញ ការពង្រឹងភាពស្និតស្នាល និងកិច្ចការរដ្ឋបាលចំពោះមន្រ្តីស្ថិតក្រោមរដ្ឋបាលខេត្ត ដែលកន្លងមកគេស្គាល់គាត់ត្រឹម ជាអភិបាលរងខេត្ត តែប៉ុណ្ណោះ។ ការបង្កើនភាពស្និតស្នាល រវាងមន្រ្តីរាជការថ្នាក់ក្រោមនេះ ត្រូវបានគេលើកឡើងថាជាការដឹកនាំប្រកបដោយការ ទទួលខុសត្រូវល្អ និងពង្រឹងកិច្ចការ រដ្ឋបាលថ្នាក់ក្រោម ឱ្យមានភាពរលូន ក្រោមបទបញ្ជាតែមួយរបស់រដ្ឋបាលសាលាខេត្ត។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាល បានលើកឡើងនៅការស្ញើចសសើរ ចំពោះ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថ ដែលបានយកចិត្តទុកដាក់ក្នុងការងារកសាងជំរំជំរកស្នាក់នៅ កន្លែងធ្វើការបានសមរម្យ ហើយពង្រឹងវិន័យ កងកម្លាំងបានប្រសើរជាងមុន មិនតែប៉ុណ្ណោះ ការងារ ការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ជាក់ស្តែងនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ ក្រោមកិច្ចបញ្ជាផ្ទាល់ ពីលោកមេបញ្ជាការ កម្លាំងអាវុធហត្ថបានចូលរួមជួយពន្លត់គ្រោះអគ្គិភយ័នៅរោងចក្រ New Best ដែលធ្វើឲ្យមហាជនមានការសសើរយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយលោកអភិបាលខេត្ត បានជំរុញឲ្យកងកម្លាំងអាវុធហត្ថ ត្រូវពង្រឹងបញ្ហាសន្តិសុខជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕