(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា កម្ពុជាពេលនេះ កំពុងបណ្តុះបណ្តាលធនធានមនុស្ស ទាក់ទិននឹងបញ្ហានុយក្លែអ៊ែ ប៉ុន្តែកម្ពុជាគ្មានមហិច្ចតា ក្លាយជាប្រទេសអភិវឌ្ឍនុយក្លេអ៊ែ ឬបរិមាណូ នោះទេ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ខណៈដែលសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ខ្មែរ នៅរុស្ស៊ី នាទីក្រុងមូស្គូ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីកម្ពុជាបានចុះកិច្ចព្រមព្រៀងថ្មីមួយ ជាមួយរុស្ស៊ី ស្តីពីការបង្កើត មជ្ឈមណ្ឌលព័ត៌មាន ថាមពុលនុយក្លែអ៊ែរ។

សម្តេចតេជោ បានលើកឡើងថា «យើងគ្មានមហិច្ចតា ក្លាយជាប្រទេសអភិវឌ្ឍនុយក្លេអ៊ែ ឬបរិម៉ាណូទេ ក៏ប៉ុន្តែយើងជាមួយនឹងរុស្ស៊ី បានព្រមព្រៀងគ្នាទៅលើបញ្ហាទាក់ទិននឹងការប្រើប្រាស់ ថាមពលនុយក្លេអ៊ែ ក្នុងគោលដៅសន្តិភាព គោលដៅនៃការអភិវឌ្ឍ ដែលនេះបើគ្មានជំនឿទុកចិត្តទេ វាមិនអាចមានកិច្ចព្រមព្រៀងនេះកើតឡើងបានទេ»

សម្តេចបានបន្ថែមថា «កិច្ចព្រមព្រៀងពីម្សិលមិញនេះ ដែលយើងចុះហត្ថលេខា ទាក់ទងនឹងថាមពលបរិមាណូ គឺមានឯកសារដល់ទៅ ២ យ៉ាងហោចណាស់យើងចាប់ផ្តើមធ្វើការស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្សពីឥឡូវ សាកលវិទ្យាល័យនៅបាត់ដំបង ក៏កំពុងមានការបណ្តុះបណ្តាលលើបញ្ហានុយក្លេអ៊ែនេះផងដែរ ឥឡូវយើងត្រូវធ្វើកិច្ចការងារនេះ យ៉ាងហោចណាស់ ការបណ្តុះបណ្តាល ធនធានមនុស្សទៅលើបញ្ហានានាដែលទាក់ទងការអភិវឌ្ឍ នុយក្លេអ៊ែ បរិមាណូនេះ ឧទាហរណ៍ថា ក្នុងករណីមានផ្ទុះនៅទីណាមួយ យើងក៏ត្រូវមានសមត្ថភាពត្រូវការពារប្រជាជន ពីផលវិបាកនៃការផ្ទុះអាហ្នឹង»

ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង លោក ឌីមេទ្រី មេតវ៉ាដេវ នាយករដ្ឋមន្រ្តីរុស្ស៊ី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ប្រទេសទាំង២ បានចុះកិច្ចព្រមព្រៀងចំនួន៨ ក្នុងនោះមាន៖

១-សន្ធិសញ្ញាស្តីពីបត្យាប័ន
២-អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងយុតិធម៌ និងការិយាល័យអគ្គរដ្ឋអាជ្ញាសហព័ន្ធរុស្ស៊ី
៣-អនុស្សារណៈនៃការយោគយល់ ស្តីពីការសហប្រតិបត្តិការ លើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន
៤-អនុស្សារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មាធិការ អូឡាំពិកនៃប្រទេសកម្ពុជា និងរុស្ស៊ី
៥-សេចក្តីប្រកាសរួម ស្តីពីបញ្ជីសំណើរគម្រោង សម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ រហូតដល់ឆ្នាំ២០២០
៦-អនុស្សារណៈនៃការយោគយល់ ស្តីពីការបង្កើតមជ្ឈមណ្ឌលព័ត៌មាន ថាមពុលនុយក្លែអ៊ែរ
៧-អនុស្សារណៈ នៃការយោគយល់ ស្តីពីការបង្កើតក្រុមការងាររួម កម្ពុជា-រុស្ស៊ី លើកិច្ចប្រតិបត្តិការ ក្នុងការប្រើប្រាស់ថាមពល បរមាណូ ក្នុងគោលបំណងសន្តិភាព
៨-កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃ នៃប្រទេសទាំង២៕