(តាកែវ)៖ លោក សុខ សូកាន ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកគិរីវង់ ខេត្តតាកែវ បានបន្តចុះជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ សកម្មជន និងសមាជិកសមាជិកាបក្ស ព្រមទាំងចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជីវករ ដើម្បីផ្សព្វផ្សាយបន្ថែមអំពីកម្មវិធីនយោបាយរបស់បក្ស ក្នុងការអភិវឌ្ឍឃុំ-សង្កាត់ អាណត្តិទី៥ នៅតាមផ្សារនានា ក្នុងស្រុករួមទាំងផ្សារកសិផលសម្តេចវិបុលបញ្ញា សុខ អាន ទន្លាប់ ដែលត្រូវបានកសាងឡើងដោយសម្តេចវិបុលបញ្ញា សុខ អាន ទុកជូន ប្រជាពលរដ្ឋស្រុកគិរីវង់ ប្រើប្រាស់ដោយឥតគិតថ្លៃសម្រាប់ការលក់ដូរប្រចាំថ្ងៃផងដែរ។

ការចុះជួបសំណេះសំណាល និងផ្សព្វផ្សាយពីគោលនយោបាយគណបក្សរបស់លោក សុខ សូកាន បានធ្វើឡើងរយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី៣១ ខែឧសភា ថ្ងៃទី១ និងទី២ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក-ឃុំ គណបក្សស្រុក និងគណបក្សឃុំទាំង១២ នៃស្រុកគិរីវង់ ដោយគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។

ឃុំទាំង១២នៃស្រុកគិរីវង់រួមមាន៖ ឃុំអង្គប្រាសាទ ឃុំព្រះបាទជាន់ជុំ ឃុំកំណប់ ឃុំកំពែង ឃុំគិរីចុងកោះ ឃុំគោកព្រេច ឃុំភ្នំដេន ឃុំព្រៃអំពក ឃុំព្រៃរំដេង ឃុំរាមអណ្តើក ឃុំសោម និងឃុំតាអូរ។

នាឱកាសនោះដែរ លោក សុខ សូកាន បានផ្តាំផ្ញើដល់បេក្ខជនឈរឈ្មោះបោះឆ្នោត ក៏ដូចជាសកម្មជនគណបក្សទាំងអស់ឱ្យបង្កើនការយកចិត្តទុកដាក់ និងត្រូវស្គាល់សមាជិក សមាជិកាគណបក្សតាមការិយាល័យបោះឆ្នោតរបស់ខ្លួននីមួយៗឱ្យបានច្បាស់ ហើយត្រូវជំរុញឱ្យសមាជិក សមាជិកាគណបក្សទាំងអស់ទៅបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ឱ្យបានត្រឹមត្រូវគ្រប់ៗគ្នា។

លោកសង្ឃឹមយ៉ាងមុតមាំថា «សមាជិក ១រូប នឹងក្លាយជាសម្លេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ១សន្លឹក» ដើម្បីទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

លោក សុខ សូកាន ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ព្រមទាំងបានកោតសរសើរវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងតាំងពីដើមរហូតរៀងមករបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងបងប្អូន សកម្មជន សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ទាំងអស់ ដែលតែងតែរួមសាមគ្គីគ្នាសម្រេចបានជោគជ័យជាបន្តបន្ទាប់ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ស្រុកគិរីវង់ តែងទទួលបានលទ្ធផលល្អប្រសើររហូតក្លាយជាស្រុកនាំមុខគេជានិច្ចនៅគ្រប់ការបោះឆ្នោតទាំងអស់នាពេលកន្លងមក និងនៅតែបន្តរក្សាកេរ្តិ៍ឈ្មោះស្រុកគិរីវង់ជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាមរតកស្នាដៃដ៏ថ្លៃថ្លារបស់សម្តេចវិបុលបញ្ញា សុខ អាន។

បន្ថែមពីនេះលោក សុខ សូកាន បានរំលឹកថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលនៅជាប់ជាមួយនឹងប្រជាជនគ្រប់កាលៈទេសៈទាំងអស់ ហើយជាគណបក្សតែមួយគត់ដែលបានរួមសុខ រួមទុក្ខ និងហ៊ានធ្វើអ្វីៗទាំងអស់ ដើម្បីសេចក្តីសុខរបស់ប្រជាជន។ ចេញពីការតស៊ូ លះបង់ និងការយកជីវិតជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស រួមជាមួយនឹងថ្នាក់ដឹកនាំគណបក្សគ្រប់រូបក្នុងបុព្វហេតុជាតិ និងប្រជាជនកន្លងមក គណបក្សប្រជាជនកម្ពុជា បានសង្គ្រោះអាយុជីវិតរបស់ប្រជាជនកម្ពុជារាប់លាននាក់ចេញពីរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នង និងបានចាប់ផ្តើមកសាងប្រទេសពីចំណុចសូន្យ រហូតទទួលបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ ដែលនេះគឺជាសច្ចភាពនៃប្រវត្តិសាស្រ្តមិនអាចប្រកែកបានឡើយ។

លោក សុខ សូកាន បានបញ្ជាក់ថា ម៉្យាងវិញទៀតថ្មីៗនេះក្នុងអំឡុងពេលនៃការវាយប្រហារជាសាកលយ៉ាងធ្ងន់ធ្ងរមកលើអាយុជីវិតមនុស្សទូទៅ និងសេដ្ឋកិច្ច-សង្គម ដែលបណ្តាលមកពីជំងឺកូវីដ១៩ ដ៏កាចសាហាវ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្រ្តចាក់វ៉ាក់សាំងដ៏មានប្រសិទ្ធភាព និងដោយឥតគិតថ្លៃ ជូនដល់ពលរដ្ឋកម្ពុជានៅទូទាំងប្រទេស រួមទាំងជនបរទេសនៅកម្ពុជាផងដែរ រហូតធ្វើឱ្យអ្នកស្លាប់ដោយសារជំងឺនេះនៅក្នុងប្រទេសកម្ពុជា មានអាត្រាទាប បើប្រៀបធៀបនឹងប្រទេសដទៃដែលមានចំនួនអ្នកស្លាប់រហូតដល់រាប់លាននាក់។ នេះគឺជាជោគជ័យជាប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់គណបក្សប្រជាជនកម្ពុជា ដែលបានសង្គ្រោះអាយុជីវិតរបស់ប្រជាជនកម្ពុជារាប់លាននាក់ជាថ្មីម្តងទៀតបានទាន់ពេលវេលានាសម័យទំនើបនេះ។

ទន្ទឹមនឹងនេះដែរ លោក សុខ សូកាន ក៏គ្រោងនឹងចូលរួមហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសឃុំ សង្កាត់ អាណត្តិទី៥ នៅឃុំព្រះបាទជាន់ជុំ ស្រុកគិរីង់ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ផងដែរ៕