(ភ្នំពេញ)៖ សមាគមលើកកម្ពស់សុខភាពរបស់ប្រទេសកូរ៉េ សហការជាមួយ មន្ទីរពេទ្យបង្អែកខណ្ឌព្រែកព្នៅ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ បានបើកអង្គប្រជុំគណៈកម្មាធិការតម្រង់ទិសជាលើកទី១ ក្នុងការអនុវត្តគម្រោងគ្រប់គ្រង និងទប់ស្កាត់ជំងឺមិនឆ្លង (ជំងឺទឹកនោមផ្អែម និងលើសឈាម) តាមរយៈការប្រើប្រាស់ប្រព័ន្ធ mHealth នៅមន្ទីរពេទ្យបង្អែកព្រែកព្នៅ (២០២២-២០២៤) ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមាគមលើកកម្ពស់សុខភាពរបស់កូរ៉េ ក្រោមការដឹកនាំរបស់លោក KIM In One បានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េហៅកាត់ថា កយកា (KOICA) និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីលើកកំពស់សុខភាពប្រជាពលរដ្ឋនៅប្រទេសកំពុងអភិវឌ្ឍន៍។ មកទល់បច្ចុប្បន្ននេះ ការអភិវឌ្ឍសហប្រតិបត្ដិការផ្នែកសុខភាពនៅថ្នាក់អន្ដរជាតិបានពង្រីកវិសាលភាពដល់ចំនួន១១ប្រទេសរួមប្រទេសឥណ្ឌូណេស៊ី ម៉ុងហ្គោល ស៊ូដង់ មីយ៉ាន់ម៉ា ប្រទេសចិន រួមទាំងប្រទេសកម្ពុជាផងដែរ។
ក្រោមកិច្ចសហប្រតិបត្ដិការរវាងសមាគមលើកកម្ពុស់សុខភាពកូរ៉េ (Korea Association of Health Promotion) ដឹកនាំដោយលោក KIM IN ONE សហការពីមូលនិធិសហប្រតិបត្ដិការឧស្សាហកម្ម នៃសាកលវិទ្យល័យជាតិចន់ប៊ូក (Industrial Cooperation Foundation-Jeonbuk National University) ដែលមានលោក CHO KI HWAN និងកយកា (Korea International Cooperation Agency) បាននិងកំពុងអនុវត្ដគម្រោងរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២២-២០២៤ ផ្តោតទៅលើ «ការទប់ស្កាត់ និងគ្រប់គ្រងជំងឺមិនឆ្លង NCD តាមរយៈការប្រើប្រាស់ប្រព័ន្ធ អឹម ហែល (mHealth) នៅព្រែកព្នៅ ប្រទេសកម្ពុជា»។
ក្នុងកម្រោងនេះ ប្រជាពលរដ្ឋក្នុងសង្កាត់គោករការ និងសង្កាត់ព្រែកព្នៅប្រមាណ ៣០០០នាក់ នឹងទទួលបានសេវាត្រួតពិនិត្យសុខភាព ហើយប្រជាពលរដ្ឋដែលទទួលបានការត្រួតពិនិត្យរួចឃើញថា មានជំងឺទឹកនោមផ្អែមនឹងទទួលបានការព្យាបាល ការប្រឹក្សាយោបល់ ការប្រើប្រព័ន្ធmHealthតាមដានសុខភាព និងការហ្វឹកហាត់ថែទាំសុខភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងលើសឈាម។ ក្នុងនោះដែរដើម្បីអោយគម្រោងប្រព្រឹត្តទៅបាន ខាងគម្រោងនឹងផ្តល់នូវគ្រឿងបរិក្ខាត្រួតពិនិត្យសុខភាពដល់មន្ទីរពេទ្យបង្អែកព្រែកព្នៅ អភិវឌ្ឍប្រព័ន្ធmHealth និងបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីសុខាភិបាលនៅមន្ទីរពេទ្យបង្អែកព្រែកព្នៅ និងអ្នកជំងឺទឹកនោមផ្អែម និងលើសឈាម៕