(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរលោក រត្ន័ សណ្ដាប់ បានថ្លែងដោយហួសចិត្ដថា ថ្មីៗនេះចំពោះទង្វើរបស់សម រង្ស៊ី ដែលបានរៀបចំកិច្ចពិធីអុជភ្លើងទៀនយ៉ាងអឺងកងនៅប្រទេសអូស្រ្ដាលី ជានិមិត្ដរូបឲ្យបក្សភ្លើងទៀន និងបានប្រកាសក្ដែងៗយ៉ាងខែងរ៉ែងប្រាប់គេឯង ថាខ្លួនបានតាក់តែងកំណាព្យយ៉ាងស័ក្តិសិទ្ធិ សម្រាប់តែប្រោសព្រំពរជ័យដល់គូស្វាមីភរិយាជាសកម្មជនខ្លួនតែប៉ុណ្ណោះគឺ «ភ្លើងទៀនស័ក្តិសិទ្ធិ ប្រសិទ្ធិពរជ័យ ស្វាមីភរិយា» នោះវាជារឿងដ៏គួរឲ្យសោកសៅនិងអស់សំណើចបំផុត។

អ្នកជំនាញអារ្យធម៌ខ្មែរបន្ដថា អ្វីដែលគួរឲ្យសោកសៅនិងអស់សំណើចបំផុតនោះគឺនៅត្រង់ថា ទៀនសដែល សម រង្ស៉ី បានអុជកាន់នៅដៃ ដែលជានិមិត្ដរូបឲ្យបក្សភ្លើងទៀន ហើយយកមកសូត្របួងសួងប្រសិទ្ឋិពរជ័យដល់គូស្វាមីភរិយាជាសកម្មជនខ្លួននោះ គឺបុរាណហៅថា «ទៀនកាល ឬទៀនកល្ប» ជាទៀនត្បូង ដែលទៀននេះតាំងពីបុរាណរៀងមក គេអុជសម្រាប់តែមនុស្សដែលជិតស្លាប់ ផុតដង្ហើម និងក្នុងកិច្ចពិធីបុណ្យខ្មោចតែប៉ុណ្ណោះ។

បានសេចក្ដីថាចំពោះប្រពៃណីទំនៀមទម្លាប់ខ្មែរយើង គឺគេពុំអាចយកទៀនកាល ឬទៀនកល្បនេះ មករៀបចំក្នុងកិច្ចពិធីអុជបួងសួងដល់គូស្វាមីភរិយាបានទ្បើយ ព្រោះគេប្រកាន់និងជៀសវាងខ្លាំងណាស់តំាងពីបុរាណតរៀងមក។

ស្ថិតក្នុងន័យនេះលោក រត្ន័ សណ្ដាប់ ក៏បានចោទជាចម្ងល់ថា ទង្វើរបស់សម រង្ស៊ី ដែលបានយកទៀនកាល ឬទៀនកល្ប មកធ្វើជានិមិត្ដរូបរបស់បក្សភ្លើងទៀន ហើយក៏យកទៀននេះមករៀបចំក្នុងកិច្ចពិធីអុជបួងសួងឲ្យគូស្វាមីភរិយាដល់សកម្មជនខ្លួននោះ តើសម រង្ស៉ី បានស្គាល់ឬមិនស្គាល់ច្បាស់អំពីអត្ថន័យនៃទៀននេះក្នុងប្រពៃណីទំនៀមទម្លាប់្មខ្មែរយើងទេឬអ្វី?

ប្រសិនបើ សម រង្ស៉ី មិនដឹងឬមិនយល់ អំពីប្រពៃណីទំនៀមទំលាប់ខ្លួនច្បាស់លាស់ទេ ហើយមានបំណងចង់រៀបចំកិច្ចពិធីអុជទៀនដើម្បីបួងសួងប្រោសព្រំពរជ័យ ដល់សកម្មជនខ្លួនដោយទឹកចិត្ដបរិសុទ្ធមែននោះគឺ សម រង្ស៉ី គួរតែប្ដូរនិមិត្ដរូប ទៀនស ដែលជាទៀនកល្ប របស់បក្សភ្លើងទៀននេះចេញ ហើយដាក់ជំនួសមកវិញនូវទៀនក្រមួនឃ្មុំ រួចចាំយកទៀនក្រមួនឃ្មុំនេះ មកអុជប្រោសព្រំឲ្យគូស្វាមីភរិយាសកម្មជនខ្លួនទើបជារឿងប្រពៃ។

ព្រោះទៀនក្រមួនឃ្មុំនេះហើយដែលជានិមិត្ដរូបមង្គលសិរីសួស្ដីពិតប្រាកដ ហើយស័ក្តិសិទ្ធិ សម្រាប់ប្រោសព្រំពរជ័យដល់គូស្វាមីភរិយា ក្នុងកិច្ចពិធីអាពាហ៍ពិពាហ៍ ដែលជាប្រពៃណីដ៏ថ្កើងថ្កានរុងរឿងរបស់ខ្មែរយើងតាំងពីបុរាណតរៀងមក។ ត្បិតអីទៀនក្រមួនឃ្មុំ ជាវត្ថុមង្គលមាន ព៌ណលឿង, លឿងចាស់, លឿងខ្ចី គេលុញពីក្រមួនឃ្មុំយ៉ាងល្អវិចិត្រ។

បានន័យថាក្នុងប្រព័ន្ធជំនឿខ្មែរ ទៀនគេចាត់ទុកជាគ្រឿងសក្ការ:មួយ ជាទេពមួយ ពាក់ព័ន្ទទៅនឹងពន្លឺ និងមានមុខងារផ្សេងៗគ្នាជាចាំបាច់។

លោក រត្ន័ សណ្ដាប់ បន្ដថាបើពោលអំពីការប្រើប្រាស់ទៀននេះទៀតសោត គឺមានជាតិសាសន៍ជាច្រើននៅលើផែនដីយើងនេះ ដែលប្រើទៀនក្នុងកិច្ចពិធីប្រពៃណីទំនៀមទម្លាប់ទៅតាមជាតិសាសន៍ខ្លួននីមួយៗ។ ហេតុនេះយើងក៏ត្រូវស្គាល់និងឈ្វេងយល់អំពីច្បាប់ទម្លាប់ ប្រពៃណីនិងវប្បធម៌របស់ជាតិសាសន៍នីមួយៗ ព្រោះគេមិនអាចយកគុណតម្លៃប្រពៃណីទំនៀមទម្លាប់របស់ជាតិសាសន៍មួយ ទៅប្រៀបធៀបនឹងគុណតម្លៃប្រពៃណីទំនៀមទម្លាប់របស់ជាតិសាសន៍មួយទៀតបានទេ។ ត្រង់ចំណុចនេះហើយ ដែលច្បាប់ជាតិនិងអន្ដរជាតិទាមទារចាំបាច់ឲ្យយើងគោរពនូវជាតិពន្ទុនៃជាតិសាសន៍ដទៃផ្សេងៗគ្នានោះ។

ដោយទ្បែកចំពោះជាតិសាសន៍ខ្មែរយើងវិញ ក៏ដូច្នោះដែរ! ពីព្រោះប្រពៃណីទំនៀមទំលាប់របស់ខ្មែរយើង ក៏មានគុណតម្លៃដ៏វិសេសវិសាលមួយ ក្នុងចំណោមជាតិសាសន៍ដទៃដែលមានអរិយធម៌ខ្ពង់ខ្ពស់ឧដ្ថុង្គឧត្ដមនៅក្នុងលោកផងដែរ។ បើនិយាយអំពីទៀន គឺមានច្រើនប្រភេទណាស់ វាមានរូបរាងទំហំផ្សេងៗគ្នា ហើយក៏មានមុខងារផ្សេងៗគ្នាទៅតាមកិច្ចពិធីរៀងៗខ្លួន តួយ៉ាងដូចជាទៀនកល្ប គឺគេអុជសំរាប់តែសូត្រឲ្យមនុស្សពេលរៀបស្លាប់ និងកិច្ចពិធីបុណ្យខ្មោចតែប៉ុណ្ណោះ ឯទៀនស្នែងក្របីវិញ ដែលគេពត់ឲ្យកោងដូចជាស្នែងក្របី គេប្រើនៅក្នុងកិច្ចពិធីអារក្សអ្នកតា ហើយទៀនព្រះវស្សា គឺគេអុជ សម្រាប់ព្រះសង្ឃគង់ចាំព្រះវស្ស និងទៀនក្រមួនឃ្មុំ គឺគេប្រើក្នុងកិច្ចពិធីមង្គលការ ជាដើម។

លោក រត្ន័ សណ្ដាប់ បន្ដទៀតថា បើពោលអំពីមុខងាររបស់ទៀននីមួយៗនេះទៀតសោត ក៏មានរឿងរ៉ាវទាក់ទងទៅនឹងប្រវត្ដិផងដែរ ព្រោះក្នុងក្បួនច្បាប់ប្រពៃណីទំនៀមទំលាប់បុរាណខ្មែរយើងគឺ តែងតែបង្កប់នូវអត្ថន័យនិងខ្លឹមសារដែលជាអត្ដសញ្ញាណជាតិខ្មែរយ៉ាងច្បាស់លាស់បំផុត។ បើពោលអំពីសាវតារទៀនកាល ឬទៀនកល្ប វិញក៏មានប្រវត្តិ ទាក់ទងទៅនឹងរឿង បុរស២នាក់់ ដែលនៅផ្ទះក្បែរគ្នាបានស្រុះស្រួលគ្នាទៅរកឃ្មុំយកក្រមួន ដែលបុរសម្នាក់ជាអ្នកស្ដាប់បង្គាប់ហើយចេះគោរពប្រតិបត្ដិលើជំនឿអារុក្ខអារក្សអ្នកតាព្រៃភ្នំ រីឯបុរសម្នាក់ទៀត ដែលជា មនុស្ស មានចរិករឹងរូសមិនត្រងត្រាប់ស្តាប់បង្គាប់នូវពាក្យប្រៀនប្រដៅហើយមិនគោរពប្រតិបត្ដិលើជំនឿក៏បានអន្ដររាយដល់ជីវិតទៅ។

ដូច្នេះហើយ ទើបបុរាណមានជំនឿថា បើមានមនុស្សណាជិតស្លាប់និងក្នុងកិច្ចពិធីបុណ្យខ្មោច គេត្រូវតែអុជទៀនកល្បនេះដើម្បីឲ្យព្រលឹងខ្មោចបានបំភ្លឺផ្លូវទៅកាន់ឋានបរមសុខ។ លើសពីនេះទៀត ការធ្វើទៀននេះ កាលពីសម័យបុរាណ គេសំរិទ្ធិសំរុំាងខ្លាំងណាស់ ព្រោះវាទាក់ទងទៅនឹងការប្រើប្រាស់ក្នុងកិច្ចពិធី។ លុះដល់សម័យអាណានិគមបារំាង ដោយតម្រូវការនៃទីផ្សារទៀនបានកើនឡើង ពេលនោះទៀនត្រូវបានគេបំលែង លាយនិងសារជាតិគីមីដើម្បីឲ្យមានពណ៌ចំរុះផ្សេងៗ គ្នាជាច្រើនពណ៌ដូចជា ពណ៌ប្រផេះ ពណ៌ខ្មៅ ពណ៌ខ្សាច់ ពណ៌ស្លឹកឈើ ពណ៌ស៉ីជម្ពូ ពណ៌ឈាមជ្រូក ពណ៌ស្រ្ត បឺរី ពណ៌ក្រហម ពណ៌សជាដើម ។ល។ ហើយខ្មែរសម័យនោះហៅទៀនលាយសារជាតិគីមីទាំងនេះថាជា «ទៀនយួន» ព្រោះសំដៅដល់ជនជាតិយួន លាយសារជាតិគីមីដើម្បីឲ្យទៀនមានតំលៃថោក ងាយលក់ដូរតាមទីផ្សារយួន ចិន ខ្មែរ ដែលមិនមានគុណភាពអាចប្រៀបប្រដូចនឹងទៀនក្រមួនខ្មែរបានឡើយ។

ជាសរុបលោក រត្ន័ សណ្ដាប់ បញ្ជាក់ជាចុងក្រោយថាដូច្នេះបើពោលអំពីសាវតារទៀនគីមីពណ៌ស ដែលជានិមិត្ដរូបរបស់បក្សភ្លើងទៀនមួយនេះគឺជាទៀនកល្ប ឬអាចហៅថា «ទៀនយួន»