(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពងស្វាយ បានបន្តចុះផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជានៅ ភូមិពាមអាទិត្យ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះ លោក ជា អឿង បានរំលេចឡើងនូវសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកថា សមិទ្ធផលដ៏ធំធេងមិនអាចកាត់ថ្លៃបាន ពេញមួយជីវិតរបស់លោក ហើយជាការតបស្នងគុណជូនចំពោះសម្ដេចនោះ គឺជាការលះបង់តាមរយៈសន្លឹកឆ្នោតរបស់លោកក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាសមាជិកសមាជិកាគណបក្ស ដែលមានវត្តមាននៅថ្ងៃនេះ។

លោកបានផ្តាំសមាជិកទាំងអស់ ត្រូវជំរុញបន្ថែម និងផ្សព្វផ្សាយដល់បងប្អូនសាច់ញាតិក្រុមគ្រួសាររបស់ខ្លួនឱ្យយល់កាន់តែច្បាស់ និងកុំឱ្យជនអគតិមួយចំនួនបានយកសមិទ្ធផលទាំងអស់នេះ ទៅបំភ្លៃការពិតធ្វើឲ្យ មានការភ័ន្តច្រឡំដល់មតិសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលនៅជាក់ស្ដែងតាមតំបន់មូលដ្ឋាន ជាដើមហេតុធ្វើឲ្យពួកគាត់អស់ជំនឿ និងសេចក្តីទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា។

លោកបានបន្តទៀតថា អ្វីដែលមិនអាចបំភ្លេចបានគឺថ្ងៃ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់លោកព្រោះនៅពេលនោះសល់តែរយៈពេល ៣ថ្ងៃប៉ុណ្ណោះ លោកត្រូវបានពួកឃាតកយកទៅរៀនសូត្រហើយ (យកទៅសម្លាប់)។ ប៉ុន្តែលោកត្រូវបានសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជន បានមកជួយសង្គ្រោះទាន់ពេល ក៏ដូចជាប្រជាពលរដ្ឋទាំងមូលឲ្យរួចចាកផុតពីរបប៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងចាកចេញឲ្យផុតពីវាលពិឃាត អាវខ្មៅសាហាវយង់ឃ្នងនេះ។

លោកបន្តថា «អ្វីដែលជាការចូលរួមចំណែកដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជានោះ គឺជាការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃដែលមានរយៈពេលជាង៣ទសវត្សរ៍ ហើយបាននាំមកនូវសន្តិភាពជូនដល់ប្រជាជាតិទាំងមូល ហើយសន្តិភាពនេះ គឺជាសន្តិភាពមិនអាចកាត់ថ្លៃបានឡើយ មិនអាចដោះដូរបានទោះបីក្នុងតម្លៃណាក៏ដោយ។ សន្តិភាពនេះហើយ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អាចរស់រៀនមានជីវិតការប្រកបរបរទទួលទានការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការបើកចំហសេដ្ឋកិច្ចសកលជូនដល់ប្រជាពលរដ្ឋគ្រប់និន្នាការគណបក្ស»

លោកបន្តថា ទាំងអស់នេះហើយគឺជាគុណតម្លៃស្នូលរបស់បក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏បញ្ញាញាណដ៏វាងវៃរបស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យប្រទេសកម្ពុជាលេចធ្លោលើឆាកអន្តរជាតិ។

លោក ជា អឿង ក៏បានណែនាំ និងបង្ហាត់បង្ហាញដល់សមាជិកសមាជិកាទាំងអស់ ពីការគូសលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះហើយ សម្រាប់ឃុំសាគ្រាម គណបក្សប្រជាជនកម្ពុជាគឺមានលេខរៀងទី៥ ហើយធ្វើយ៉ាងណាត្រូវមានការប្រុងប្រយ័ត្ន ពីព្រោះការគូសនេះប្រសិនបើខុសពីលក្ខខណ្ឌរបស់ គ.ជ.ប បានកំណត់សន្លឹកឆ្នោតនោះគឺរាប់ថាមិនបានការ៕