(ព្រៃវែង)៖ ក្រោមគោលនយោបាយអភិវឌ្ឍន៍រវាងថ្នាក់ជាតិ និងមូលដ្ឋាន បានរុញច្រានឱ្យស្រុកកំចាយមារ ដែលជាស្រុកមួយនៅក្នុងខេត្តព្រៃវែង ទទួលបានការអភិវឌ្ឍរីកចម្រើនគួរឱ្យសម្គាល់។ សមិទ្ធផលផ្លូវ ស្ពាន សាលារៀន ទីអារាម មន្ទីរពេទ្យ ត្រូវបានសាងសង់ជាហូរហែ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ក្នុងនោះផ្លូវតាមបណ្តាឃុំនានា ដែលធ្លាប់តែជាផ្លូវដី បានប្រែក្លាយជាផ្លូវបេតុង ឬផ្លូវក្រួសក្រហមជួយឱ្យការធ្វើដំណើរ និងដឹកកសិកផលរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។

លោក សឿង សុជាតិ អភិបាល នៃគណៈអភិបាលស្រុកកំចាយមារ បានឱ្យដឹងថា ស្រុកកំចាយមារ មានឃុំចំនួន៨ ភូមិចំនួន១២៩ និងមានប្រជាពលរដ្ឋជាង ១០ម៉ឺននាក់ ហើយប្រជាពលរដ្ឋស្ទើរតែ ៩០ភាគរយ ជាអ្នកប្រកបរបរកសិកម្ម។

លោអភិបាលស្រុកមកពីគណបក្សប្រជាជនកម្ពុជារូបនេះ បានលើកឡើងថា ស្រុកកំចាយមារ កាលពីដើមឡើយត្រូវបានគេចាត់ទុកជាស្រុកចុងកាត់មាត់ញក ហើយក៏មិនសូវជាមានការអភិវឌ្ឍអ្វីនោះដែរ។ តែក្រោមគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា បានកសាងផ្លូវជាតិលេខ៨ ដែលជាបណ្តាញផ្លូវធ្វើសមហរណកម្មសេដ្ឋកិច្ចដ៏សំខាន់រវាងស្រុកកំចាយមារ ទៅបណ្តាស្រុកនានាក្នុងខេត្តព្រៃវែង ក៏ដូចជាទៅតំបន់ដទៃទៀត។

ក្រៅតែពីគោលនយោបាយថ្នាក់ជាតិហើយនោះ គោលនយោបាយអភិវឌ្ឍន៍នៅមូលដ្ឋានរបស់រាជរដ្ឋាភិបាល បូករួមជាមួយក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំចាយមារ ដែលមានលោក ស្តើង សុខុម ជាប្រធានក៏បានជួយអភិវឌ្ឍន៍ស្រុកកំចាយមារឱ្យកាន់តែមានការរីកចម្រើន។ លោក សឿង សុជាតិ បានឱ្យដឹងថា ស្រុកកំចាយមារ ដែលជាស្រុកកំណើតរបស់សម្តេចក្រឡាហោម ស ខេង ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចក្រឡាហោម ស ខេង ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តព្រៃវែង។

បើតាមលោក សឿង សុជាតិ បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង បានប្រែក្លាយផ្លូវតាមភូមិឋានរបស់ប្រជាពលរដ្ឋជាច្រើនខ្សែពីផ្លូវដី ទៅជាផ្លូវបេតុង សម្រួលការធ្វើដំណើរ និងដឹកកសិផល, រៀបចំប្រព័ន្ធទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់, ជួយបំពាក់បរិក្ខារសុខាភិបាលនៅតាមមណ្ឌលសុខភាព, សាងសង់សាលារៀន និងទីអារាមជាដើម។ សមិទ្ធផលទាំងអស់នោះ បានឆ្លើយតបនឹងសេចក្តីត្រូវការដ៏ចាំបាច់របស់ប្រជាពលរដ្ឋក្នុងស្រុកកំចាយមារ។

សមិទ្ធផល និងភាពរីកចម្រើនក្នុងស្រុកកំចាយមារ ក៏បានទទួលស្គាល់ពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកនេះផងដែរ។ លោក ម៉ាន់ សាវុន អាយុ ៦៤ឆ្នាំ ពលរដ្ឋរស់នៅក្នុងភូមិក្របៅជួរ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បានលើកឡើងថា ក្នុងភូមិរបស់លោកមានការរីកចម្រើនច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះផ្លូវបេតុងជាច្រើនខ្សែត្រូវបានសាងសង់ឡើងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយជីវភាពរបស់ប្រជាពលរដ្ឋទៀតសោត ក៏មានភាពល្អប្រសើរផងដែរ។

ការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើររបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យលោក ម៉ាន់ សាវុន ពេញចិត្តពេញថ្លើមជាខ្លាំងចំពោះគណបក្សនយោបាយមួយនេះ។ លោក ម៉ាន់ សាវុន បានលើកឡើងថា តាំងពីលោកដឹងក្តី ជាពិសេសក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ លោកមើលឃើញថា មានតែគណបក្សប្រជាជនកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចអភិវឌ្ឍន៍ជាតិ និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កម្ពុជា នឹងរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីជ្រើសក្បាលម៉ាស៊ីនដឹកនាំនៅតាមឃុំ-សង្កាត់ ដែលជាប្រតិបត្តិករដ៏សំខាន់ក្នុងការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

បើទោះបីពេលបច្ចុប្បន្ននៅភូមិក្របៅជួរ ឃុំក្របៅ ដែលជាទីកំណើតរបស់ខ្លួនមានការរីកចម្រើនគួរកត់សម្គាល់យ៉ាងណាក្តី តែលោក ម៉ាន់ សាវុន នៅតែចង់បានមេឃុំ ដែលយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរបស់ប្រជាពលរដ្ឋ ផ្តល់សេវាបានលឿនរហ័ស និងមិនមានការរើសអើង។

ឆ្លើយតបនឹងអ្វីដែលជាសំណូមពររបស់ប្រជាពលរដ្ឋខាងលើនេះ លោក ស៊ូ ភួង អាយុ ៧១ឆ្នាំ បេក្ខជនមេឃុំក្របៅ មកពីគណបក្សប្រជាជនកម្ពុជា ដែលបានគ្រប់គ្រងឃុំនេះពីរអាណត្តិមកហើយនោះ បានលើកឡើងថា បើលោកទទួលបានការទុកចិត្តពីពលរដ្ឋទៀតនោះ លោកនឹងបន្តប្រឹងប្រែងឱ្យអស់ពីចិត្តបន្ថែមទៀត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ ជាពិសេសស្វះស្វែងរកថវិកាសាងសង់ផ្លូវបេតុងនៅក្នុងឃុំបន្ថែមទៀត។

បើទោះបីបច្ចុប្បន្នស្រុកកំចាយមារ មានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់យ៉ាងណាក្តី តែក្នុងនាមជាអ្នកប្រមើប្រជាពលរដ្ឋនៅមូលដ្ឋាន លោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ បានប្តេជ្ញាយកចិត្តទុកដាក់ និងប្រឹងប្រែងឱ្យអស់កម្លាំងកាយចិត្ត ក្នុងការអភិវឌ្ឍស្រុក និងធ្វើឱ្យជីវភាពពលរដ្ឋកាន់តែប្រសើរ៕