(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ បានសេចក្តីប្រកាសព័ត៌មាន ស្ដីពីសភាពការណ៍ទូទៅថ្ងៃទីដប់បី នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃទី១៣ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ បានធ្វើសកម្មភាពឃោសនាតាមមណ្ឌលបោះឆ្នោតនីមួយៗ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយខ្លួនក្នុងការអភិវឌ្ឍឃុំ សង្កាត់។

ក្នុងថ្ងៃទីដប់បីនេះ គណបក្សនយោបាយបានធ្វើសកម្មភាពឃោសនាតាមលទ្ធភាព និងមធ្យោបាយផ្សេងៗរបស់ខ្លួន តាមកម្មវិធីកំណត់។ តាមការកត់សម្គាល់ នៅខេត្តបាត់ដំបង គណបក្ស ភ្លើងទៀន បានធ្វើសកម្មភាពចំនួន ៦០ ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន ៣ ឃុំ សង្កាត់ គណបក្សហ៊្វុនស៊ិនប៉ិច ធ្វើសកម្មភាពចំនួន ១២ ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន ២ ឃុំ សង្កាត់ គណបក្ស ខ្មែររួបរួមជាតិ ធ្វើសកម្មភាពចំនួន ១១ ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួន ១ ឃុំ គណបក្សប្រជាជនកម្ពុជា ធ្វើសកម្មភាពចំនួន ១០៣ ឃុំ សង្កាត់ គណបក្សខ្មែរស្រឡាញ់ជាតិ ធ្វើសកម្មភាពចំនួន ២១ ឃុំ សង្កាត់ ហើយគណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានធ្វើសកម្មភាពចំនួន ១ ឃុំ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល នៅខេត្តប៉ៃលិន មានគណបក្សនយោបាយចំនួន ២ បានធ្វើសកម្មភាពឃោសនា ក្នុងនោះគណបក្ស ភ្លើងទៀន បានហែក្បួនចំនួន ៨ ឃុំ សង្កាត់ និងគណបក្សប្រជាជនកម្ពុជា បានធ្វើការជួបប្រជុំ ចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិក្នុងឃុំ សង្កាត់មួយចំនួន។

គ.ជ.ប បានវាយតម្លៃថា ជារួមសភាពការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីដប់បីនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយរាល់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕