(បាត់ដំបង)៖ លោក ឡេង ប៉េង ឡុង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ បានចុះជួបសួរសុខទុក្ខ និងចែកខិត្តបណ្ណជូនប្រជាពលរដ្ឋ នៅតាមផ្ទះក្នុងសង្កាត់វត្តគរ សង្កាត់អូរម៉ាល ក្នុងយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២។
នៅក្នុងដំណើរចុះជួបសួរសុខទុក្ខនេះ លោក ឡេង ប៉េងឡុង បានប្រាប់ឱ្យដឹងថា ប្រជាពលរដ្ឋសង្កាត់ទាំងពីរ មានទឹកចិត្តសប្បាយរីករាយ ចំពោះរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ប្រទេសជាតិមានសុខសន្តិភាព មានហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ឱ្យពួកគាត់មានឱកាសពេលវេលាគ្រប់គ្រាន់ក្នុងការប្រកបរបរចិញ្ចឹមជីវិត និងចូលរួមអភិវឌ្ឍន៍មូលដ្ឋានរបស់គាត់បានរីកចម្រើន។
លោក ឡេង ប៉េងឡុង បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា សង្កាត់វត្តគរ ក្នុងលំដាប់លេខរៀងទី៣ និងសង្កាត់អូរម៉ាល់មានលំដាប់លេខរៀងទី២ មានរូបទេវតាបាច់ផ្កាជាសម្គាល់ ដោយភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតពិនិត្យមើលឈ្មោះ និងទិន្នន័យឱ្យបានច្បាស់លាស់ផងដែរ៕