(ពោធិ៍សាត់)៖ លោក ស៊ុយ សែម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជិត១ពាន់នាក់ មកពីភូមិចំនួន១០ ក្នុងឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិសាត់។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបាកាន ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំខ្នារទទឹង គណៈអចិន្ត្រៃយ៍គណបក្សស្រុក និងបេក្ខជនពេញសិទ្ធិក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋជាច្រើន ផងដែរ។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោក ស៊ុយ សែម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជាឃុំខ្នារទទឹងទាំងអស់ ជាពិសេស បេក្ខជនក្រុមប្រឹក្សាឃុំ របស់គណបក្សប្រជាជនកម្ពុជាដែលឈរឈ្មោះនៅក្នុងមូលដ្ឋាននេះ។

លោកបានផ្សព្វផ្សាយអំពីទិសដៅ និងគោលនយោបាយគណបក្សប្រជាជនកម្ពុជា សម្រាប់ឆ្នាំ២០២២-២០២៧ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា កន្លងមក។ ឆ្លៀតក្នុងឱកាសនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំ ហើយថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ រួមទាំងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា ក្រុមការងារចុះមូលដ្ឋានស្រុកបាកាន នាពេលកន្លងទៅក៏បានបង្កើតមូលនិធិកសិកម្មខ្នាតតូចផងដែរ ដើម្បីចូលរួមចំណែកលើកកម្ពស់បន្ថែមដល់ជីវភាព និងមុខរបរប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕