(កំពង់ចាម)៖ លោក ខៀវ កាញារីទ្ធ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកកោះសូទិន និងលោកស្រី ខៀវទេព រង្ស៉ី កាញារីទ្ធ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្ស និងចូលរួមហែការឃោសនាការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅឃុំព្រែកតានង់ ឃុំមហាខ្ញូង ឃុំកំពង់រាប ឃុំពាមប្រធ្នោះ ឃុំល្វេ និងឃុំពង្រ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២។ ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ រហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ទើបបញ្ចប់ការឃោសនា។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា មានគណបក្សចំនួន១៧ ដែលស្នើសុំធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅតាមមូលដ្ឋាន ហើយគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ក៏បានសហការជាមួយអាជ្ញាធរ រៀបចំតម្រាយផ្លូវ និងបែងចែកពេលវេលា ដើម្បីចៀសវាងបញ្ហាប៉ះគ្នាជាដើម។

គ.ជ.ប បានបញ្ជាក់ថា ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មានបំណងឲ្យគណបក្សនយោបាយដែលបានអនុញ្ញាតឲ្យចុះបញ្ជីបេក្ខជន និងបេក្ខជន ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ឃុំសង្កាត់ដល់អ្នកបោះឆ្នោត៕