(កំពង់ស្ពឺ)៖ លោក គីន គុណ សមាជិកក្រុមការងាររបស់គណបក្សភ្លើងទៀន ខេត្តកំពង់ស្ពឺ បានសម្រេចចិត្តដាក់ពាក្យលាឈប់ពីគណបក្សភ្លើងទៀន ដោយសារអស់ជំនឿលើថ្នាក់ដឹកនាំរបស់គណបក្ស។

បើតាមលិខិតសុំលាលែង លោក គីន គុណ បានបញ្ជាក់ថា ថ្នាក់ដឹកនាំរបស់គណបក្សភ្លឿងទៀន មិនដែលបានគិតគូរអំពីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនឡើយ ព្រមទាំងប្រកាន់បក្ខពួក គ្មានសាមគ្គីផ្ទៃក្នុងផងដែរ។

លោកក៏បានបន្ថែមទៀតថា មានតែគណបក្សប្រជាជនទេ ដែលមានស្នាដៃនិងសមិទ្ធផលធំៗជាច្រើន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងការលះបង់ដ៏ធំធេងរបស់ សម្តេចតេជោ ប្រធានគណបក្សប្រជាជន។

កន្លងមានបេក្ខជនពេញសិទ្ធឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សកម្មជន និងសមាជិកយ៉ាងច្រើន បានលាឈប់ពីគណបក្សភ្លើងទៀន ដោយមូលហេតុអស់ជំនឿលើថ្នាក់ដឹកនាំគណបក្សនេះ។ ក្នុងនោះដែរ ពួកគាត់ដែលបានលាឈប់ ក៏បានមើលឃើញយ៉ាងច្បាស់អំពីភាពខ្លាំង របស់គណបក្សប្រជាជន ដែលមានសម្តេចតេជោប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សតែងតែយកចិត្តទុកដាក់ និងគិតពីផលប្រយោជន៍ជាតិ ហ៊ានប្តូរជីវិតដើម្បីស្វែងរកសន្តិភាព ជូនប្រជាជនកម្ពុជាឲ្យរស់នៅសុខសាន្ត និងកសាងកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ជាពិសេស ក្នុងស្ថានភាពកូវីដ-១៩ ដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ពួកយើងទាំងអស់គ្នាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានឆាប់រហ័ស ដែលបានសង្គ្រោះជីវិតរបស់ប្រជាជនរួចពីជំងឺកាចសាហាវទាន់ពេលវេលា និងមានប្រសិទ្ធភាព៕