(ត្បូងឃ្មុំ)៖ ដើម្បីបង្កើនការការពារធានាសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំប្រជុំជួរ និងត្រួតពិនិត្យកម្លាំង ដាក់បទបញ្ជា ផែនការ ធ្វើយ៉ាងណាបន្តរឹតបន្តឹងវិន័យកងកម្លាំង ក្នុងគោលដៅធានាបាននូវសេចក្តីសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសផែនការការពារការិយាល័យបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

ថ្លែងទៅកាន់កងកម្លាំងនគរបាលខេត្តប្រមាណជាង ៣០០នាក់ នៅទីបញ្ជាការស្នងការដ្ឋាននគរបាលខេត្ត នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៍ា បានជំរុញ និងក្រើនរំលឹកឲ្យគ្រប់ផ្នែកជំនាញទាំងអស់ គ្រប់ជាន់ថ្នាក់ក្តាប់ឲ្យបាននូវរាល់បញ្ហាសំខាន់ៗទាក់ទងនឹង ការថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជួយសម្រួលចរាចរណ៍តាមដងផ្លូវ ពង្រឹងការការពារឲ្យបានម៉ត់ចត់នៅមុនថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត ពិសេសនៅតាមការិយាល័យបោះឆ្នោត នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ តែម្តង។

លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៍ា បន្ថែមថា «បើទោះបីយើងជាប់បេសកកម្មលើការងារការពារការិយាល័យបោះឆ្នោតក៏ដោយ ប៉ុន្តែភារកិច្ចស្នូល គឺត្រូវបន្តអនុវត្តន៍ឲ្យបានល្អប្រសើរ រក្សាការងារតាមជំនាញ ក្នុងនោះថ្នាក់ដឹកនាំ នាយ-នាយករងការិយាល័យ ត្រូវបន្តពន្លឿនការងារមកកាន់សេនាធិការ រាល់បទល្មើសនានា ត្រូវបន្តនីរិវិធីបញ្ជូនសំណុំរឿងទៅកាន់តុលាការ ក្នុងការដោះស្រាយរឿងក្តី និងបញ្ហាជូនពលរដ្ឋ»

ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រីស្នងការ ម៉ុន មាគ៍ា បានកោតសរសើរចំពោះកងកម្លាំងនគរបាលទាំងអស់ ដែលខិតខំបំពេញភារកិច្ចការងារយ៉ាងសស្រាក់សស្រាំទាំងយប់ថ្ងៃ ដើម្បីសុខសុវត្ថិភាពសង្គម ពិសេសសូមឲ្យបេសកកម្មការពារក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទៅ០៥ ក្នុងខេត្តត្បូងឃ្មុំខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ៕