(កំពង់ធំ)៖ លោក ថោង ខុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍និងស្រុកតាំងគោក បានថ្លែងទៅកាន់សមាជិកបក្ស និងប្រជាពលរដ្ឋដែលគាំទ្របក្សប្រជាជនយ៉ាងដូច្នេះថា សន្លឹកឆ្នោតរបស់សមាជិកបក្សនិងប្រជាពលរដ្ឋដែលបោះជូនគណបក្សប្រជាជនកម្ពុជា គឺជាសន្លឹកឆ្នោតនាំមកនូវសន្តិភាពយូរអង្វែងសម្រាប់ខ្លួនឯង សម្រាប់សង្គម និងសម្រាប់ប្រទេសជាតិទាំងមូល។

ការថ្លែងបែបនេះរបស់លោក ថោង ខុន ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជានៅឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃទី១៣ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។

នាឱកាសនោះ លោក ថោង ខុន បានលើកឡើងអំពីគុណតម្លៃសន្តិភាពរបស់កម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។ ប្រទេសកម្ពុជាមានសន្តិភាពដូចសព្វថ្ងៃនេះ គឺដោយសារការខិតខំរបស់គណបក្សប្រជាជន ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាមគ្គុទ្ទេសក៍ដ៏ឆ្នើម។ ប្រជាពលរដ្ឋកម្ពុជាពិតជាមានសំណាងណាស់ដែលរស់នៅក្នុងប្រទេសដែលមានសន្តិភាព ព្រោះមានសម្ដេចតេជោជាអ្នកដឹកនាំការពារយ៉ាងរឹងមាំ។

លោក ថោង ខុន បានអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋដែលតែងគាំទ្រគណបក្សប្រជាជនសូមបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តគាំទ្រគណបក្សប្រជាជន ដើម្បីគាំទ្រឱ្យគណបក្សដ៏ធំមួយនេះបន្តការពារសន្តិភាព និងបន្តការអភិវឌ្ឍតទៅមុខ។

លោកបានថ្លែងយ៉ាងដូច្នេះថា «យើងបោះឆ្នាតជូនគណបក្សប្រជាជន គឺដើម្បីសន្តិភាព និងភាពសុខសាន្តរបស់ប្រជារាស្ត្រ»។

លោកបានបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំក្នុងវិស័យនយោបាយ និងមានស្នាដៃធំធេងណាស់សម្រាប់ប្រជាជននិងប្រទេសកម្ពុជា។

លោកបានរំលឹកពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនគ្រប់កាល់ទេសៈ ដែលបានក្លាយជាសច្ចធម៌ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ លោកថា គ្រាដំបូង គណបក្សនេះបានចូលរួមក្នុងចលនាទាមទារឯករាជ្យពីបារាំងជាមួយសម្ដេចព្រះនរោត្តមសីហនុ។ដោយសារប្រទេសជាតិធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាម សម្ដេចតេជោ ហ៊ុន សែន ក៏បានចូលរួម ដឹកនាំតស៊ូរំដោះជាតិ និងបន្តដឹកនាំចលនាប្រយុទ្ធតស៊ូវាយរំលំរបបប្រល័យពូជសាសន៍រហូតដល់បានជ័យជម្នះនៅថ្ងៃ៧ មករា ១៩៧៩។ បន្ទាប់មកក្នុងបុព្វហេតុបង្រួបបង្រួមប្រទេសជាតិ ស្វែងរកសន្តិភាពជូនប្រជាជន ប្រទេសជាតិ ដើម្បីឱ្យខ្មែរទាំងអស់រួមគ្នាក្រោមម្លប់ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ កងទ័ពតែមួយ នគរបាលតែមួយ សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍជូនប្រទេសជាតិរហូតដល់សព្វថ្ងៃ។

ស្នាដៃដ៏ធំធេងមួយទៀត គឺនៅឆ្នាំ២០២០ ជំងឺកូវីដ១៩បានផ្ទុះឡើងនៅប្រទេសកម្ពុជា ពេលនោះសម្ដេចតេជោបានខិតខំការពារអាយុជីវិតប្រជាពលរដ្ឋ ខិតខំរកជំនួយនិងចំណាយថវិកាទិញវ៉ាក់សាំង និងបរិក្ខារទប់ស្កាត់មេរោគកូវីដ១៩ ព្រមទាំងប្រឹងទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះ រហូតដល់អាចគ្រប់គ្រងស្ថានការណ៍រីករាលដាលនេះ និងឈានទៅដល់ការបើកសកម្មភាពសេដ្ឋកិច្ច សង្គម និងបើកប្រទេសឡើងវិញ។

តាមរយៈការដាក់ចេញនូវមាគ៌ានយោបាយ និងយុទ្ធសាស្ត្រ ដឹកនាំដ៏ឈ្លាសវៃនិងត្រឹមត្រូវនេះហើយ ទើបធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យក្នុងការដឹកនាំប្រទេស និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋនឹងកសាងសមាជិកបក្សបានជាង៥លាននាក់រហូតដល់សព្វថ្ងៃ។

លោក ថោង ខុន ក៏បានថ្លែងទៅកាន់សមាជិក-សមាជិកាបក្សគ្រប់រូបត្រូវមានចិត្តស្មោះត្រង់ និងគាំទ្រគណបក្សប្រកបដោយមនសិកាខ្ពស់ និងសូមចលនាប្រជាពលរដ្ឋដែលគាំទ្រគណបក្សទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា។ ត្រូវប្តេជ្ញាខិតខំគ្រប់សកម្មភាពដើម្បីឱ្យគណបក្សប្រជាជនបានកាន់អំណាចជារៀងរហូត ដើម្បីប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរៀងរហូត ហើយប្រជាពលរដ្ឋគ្រប់រូបក៏នឹងទទួលបានភាពសុខសាន្ត និងមានការរីកចម្រើនក្នុងជីវភាពរស់នៅជារៀងរហូតផងដែរ។ ដូច្នេះសន្លឹកឆ្នោតមួយសន្លឹករបស់ប្រជាពលរដ្ឋដែលបោះជូនគណបក្សប្រជាជន គឺជាសន្លឹកឆ្នោតដែលនឹងនាំមកនូវសន្តិភាពយូរអង្វែងជូនជាតិ និងភាពសុខសាន្តជូនប្រជាជន៕