(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃពុធនេះ បានសម្រេចដំឡើងប្រាក់ឧបត្ថម្ភដល់ និស្សិតអាហារូបករណ៍ខ្មែរនៅប្រទេសរុស្ស៊ី ពី១០ដុល្លារ ដល់៥០ដុល្លារ ក្នុង១ខែ ដែលប្រាក់ឧបត្ថម្ភថ្មីនេះ នឹងគិតចាប់ពីខែឧសភា ឆ្នាំ២០១៦នេះតទៅ។
ការសម្រចដំឡើងប្រាក់ឧបត្ថម្ភនេះ បានធ្វើឡើងនៅខណៈដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបសំណេះសំណាលជាមួយ និស្សិតអាហារូបករណ៍ខ្មែរនៅរុស្ស៊ី បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន គម្រប់ខួប ២០ឆ្នាំ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ។
សម្តេចបានបញ្ជាក់ថា «ក្រោយពីបានស្តាប់នូវសុខទុក្ខក្មួយៗនិស្សិតដែលកំពុងសិក្សារៀនសូត្រនៅរុស្ស៊ី ខ្ញុំបានសម្រេចបន្ថែមអាហារូបករណ៍ ដោយតម្លើងប្រាក់ពី $១0 ទៅ $៥0 ក្នុង១ខែ គិតចាប់ពីខែ ឧសភា ឆ្នាំ ២០១៦នេះតទៅ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងរៀបចំបញ្ជូនឱ្យក្មួយៗរៀងរាល់៣ខែម្តង»។
បើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន នាពេលបច្ចុប្បន្ននេះ កម្ពុជាមាន និស្សិតដែលកំពុងសិក្សានៅប្រទេសរុស្ស៊ី ប្រមាណ៣០០នាក់៕