(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល ជាមួយគណៈកម្មាធិការគណបក្សក្រុង សង្កាត់ បេក្ខភាពក្រុមប្រឹក្សាសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម និងក្រុមការងារគណបក្សនៅក្រុងកោះរ៉ុង។
លោក សាយ សំអាល់ បានចាត់ទុកថា ការចុះមូលដ្ឋាន គឺរឿងសំខាន់ណាស់ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក្តាប់បានច្បាស់អំពីស្ថានភាពពិតរបស់ប្រជាជន ការលំបាក តម្រូវការ សំណូមពររបស់ប្រជាជន និងដោះស្រាយជូនពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងនាមជាអ្នកបម្រើប្រជាជន។ លោកក៏បានវាយតម្លៃខ្ពស់ ចំពោះក្រុមការងារចុះមូលដ្ឋាន និងអាជ្ញាធរក្រុងកោះរ៉ុង ដែលបានយកចិត្តទុកដាក់បំពេញការងារប្រកបដោយការទទួលខុសត្រូវ។
លោក សាយ សំអាល់ បានបញ្ជាក់ថា កោះរ៉ុង ជាតំបន់ដែលមានសក្តានុពលផ្នែកទេសចរណ៍។ ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ត្រូវចេះចាប់ឱកាស អូសទាញនិងបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនមកធ្វើការវិនិយោគនៅទីនេះ ឲ្យកាន់តែច្រើន។ ទន្ទឹមនេះ ពលរដ្ឋនៅតំបន់នេះផ្ទាល់ត្រូវពង្រឹងសមត្ថភាពជំនាញផ្សេងៗ ដើម្បីទទួលបានឱកាសពីការអភិវឌ្ឍលើកកម្ពស់ជីវភាពឲ្យកាន់តែប្រសើរឡើង។
បើតាមលោក សាយ សំអាល់ រាជរដ្ឋាភិបាលបាននិងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហាទឹក ភ្លើង សន្តិសុខ អប់រំ សុខាភិបាល និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យក្រុងកោះរ៉ុង កាន់តែមានការអភិវឌ្ឍរីកចម្រើន ជាមួយនឹងកំណើនជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។
លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានឲ្យដឹងថា ក្រុងកោះរ៉ុង ជាប្រជុំកោះមានលក្ខណៈជាកោះ នៅដាច់ពីគ្នាហ៊ុព័ទ្ធជុំដោយ ទឹកសមុទ្រ ស្ថិតក្នុងខេត្តព្រះសីហនុ មានកោះធំតូចចំនួន១៩ មានចំងាយប្រមាណ៣០គីឡូម៉ែត្រ ពីដីគោកនៃទីរួមខេត្តព្រះសីហនុ និងមានទំហំ៨៩,៩៦គីឡូម៉ែត្រក្រឡា មានចែកជា ២សង្កាត់ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម មានប្រជាជន ចំនួន១,២២០គ្រួសារ ស្មើនឹង៣,៨៧៨នាក់ ស្ត្រីចំនួន១៨៨៣នាក់ អាយុចាប់ពី១៨ឆ្នាំឡើង មានចំនួន២៣៥០នាក់។
កោះរ៉ុងត្រូវបានរាជរដ្ឋាភិបាល បង្កើតជាក្រុងកោះរ៉ុងនៅខែឧសភា ឆ្នាំ២០១៩ ដោយបំបែកចេញពីក្រុងព្រះសីហនុ។ ក្រោយពីបានបង្កើតជាក្រុងរដ្ឋបាល រួចមកការវិនិយោគលើកោះនេះបានចាប់ផ្តើមកើនឡើង រីឯចំនួនប្រជាជនក៏បានកើនឡើងជាបន្តបន្ទាប់ផងដែរ។ កោះរ៉ុង គឺជាគោលដៅទេសចរណ៍ដ៏ល្បី និងពេញនិយមដែលក្នុងមួយឆ្នាំៗ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន បាននាំគ្នាមកសម្រាកលំហែកំសាន្តនៅទីនេះ។
កោះរ៉ុង ជាតំបន់ទេសចរណ៍ធម្មជាតិប្រកបដោយសក្តានុពល មានទឹកសមុទ្រថ្លាយង់ ឆ្នេរខ្សាច់សស្អាត មានព្រៃធម្មជាតិ ព្រៃកោងកាង ថ្មប៉ប្រាសទឹក ផ្កាថ្ម ជីវៈចំម្រុះសម្បូរបែប មានឆ្នេរខ្សាច់កំសាន្ត ចំនួន២៨កន្លែងគួរឲ្យចង់ទៅលេងកំសាន្តក្រៃលែង។ រាជរដ្ឋាភិបាលកម្ពុជា មានផែនការអភិវឌ្ឍកោះរ៉ុង ឲ្យក្លាយទៅជាទីក្រុងកំសាន្តលំដាប់ពិភពលោក មានសណ្ឋាគារលំដាប់ផ្កាយ៥ ទីលានវាយកូនហ្គោល រីស្សត វីឡាប្រណិត ផែ ព្រលានយន្តហោះ ស្ពាន ផ្លុវថ្នល់ មណ្ឌលកំសាន្ត និងកន្លែងទេសចរណ៍ជាច្រើនទៀត៕