(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដ្ឋានការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដែលគិតមកដល់បច្ចុប្បន្នសម្រេចការសាងសង់បានជាង៥០ភាគរយហើយ។ តាមបទពិសោធន៍អាងប្រព្រឹត្តិកម្ម ទឹកកខ្វក់ទី១ និងទី២ ត្រូវបានសាងសង់ និងដាក់ឱ្យដំណើរការក្រោមស្តង់ដារក្រសួងបរិស្ថាន ដែលបានអនុញ្ញាតឱ្យទឹកដែលចម្រោះរួចបង្ហូរចូលសមុទ្រ ដែលមានសុវត្ថិភាពដល់ ជីវចម្រុះក្រោមបាតសមុទ្រ។
ការដ្ឋានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ បែងចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី១-សំណង់ទីវាល អាចបញ្ចប់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៣ខាងមុខ និងដំណាក់កាលទី២-ពាក់ព័ន្ធនឹងប្រព័ន្ធមេកានិក បន្តប្រហែល ៣ទៅ ៤ខែបន្ថែមទៀត ដោយត្រូវធ្វើតេស្តលើប្រព័ន្ធបច្ចេកទេសឱ្យបានរួចរាល់។
ក្នុងឱកាសចុះពិនិត្យសកម្មភាពការងារសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ អភិបាលខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេស ទោះបីមានភ្លៀងយ៉ាងណាក៏ដោយ ក៏ក្រុមការងារនៅតែ បំពេញការងារយ៉ាងមមាញឹក។
ជាមួយគ្នានេះ លោកបានណែនាំឱ្យក្រុមការងារបច្ចេកទេស ត្រូវបង្កើនសកម្មភាពការងារឱ្យកាន់តែលឿនបន្ថែមទៀត ដើម្បីឱ្យការដ្ឋានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ របស់យើងបានឆាប់រួចរាល់តាមផែនការគ្រោងទុក ប្រកបដោយគុណភាពតាមស្តង់ដារបច្ចេកទេស និងធានាបានការប្រើប្រាស់យូរអង្វែង សម្រាប់ជាផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា៕