(ព្រះវិហារ)៖ សមាជិកសមាជិកា គណបក្សភ្លើងទៀន និងគណបក្សខ្មែរស្រឡាញ់ជាតិ មកពីតាមឃុំនានា ក្នុងស្រុកជាំក្សាន្ត និងស្រុកសង្គមថ្មី ខេត្តព្រះវិហារសរុប៦២នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិកពេញសិទ្ធិ របស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកជាំក្សាន្ត។
ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីនាពេលនេះ ស្ថិតក្រោមវត្តមានលោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ លោក ស្រី ឌឹក ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកជាំក្សាន្ត ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ ជាច្រើនរូបទៀត។
នៅក្នុងឱកាសដ៏សប្បាយរីករាយនេះផងដែរ លោក មាស សុភា បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្តេច លោកជំទាវ អនុប្រធានគណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ ចំពោះសុខទុក្ឋនិងការរស់នៅរបស់សមាជិក សមាជិកា និងប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ក៏ដូចជាផ្ញើជូនសមាជិក សមាជិកា នៅទីនេះ នូវសព្វសាធុការពរ ដើម្បីជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នៅថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២ខាងមុខនេះ។
លោក មាស សុភា បានថ្លែងទៀតថា «ថ្ងៃនេះយើងទទួលសមាជិកថ្មី ដែលមកពីគណបក្សភ្លើងទៀន និងគណបក្សខ្មែរស្រឡាញ់ជាតិ។ នេះមិនមែនជាការចុះចូលទេ គឺជាការមកចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា គឺដោយសារសមាជិកសមាជិកាគណបក្សផ្សេងពួកគាត់មានការយល់ដឹងពីល្បិចកលរបស់បក្សខ្លួន ក៏ដូចជានយោបាយមិនល្អផងដែរ ហើយចំណុចមួយទៀតគឺពួកគាត់មានការយល់ដឹងពី គណបក្សប្រជាជនកម្ពុជា ទើបសម្រេចចិត្តមករួមរស់នយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ»។
លោក មាស សុភា ក៏បានថ្លែងប្រាប់សមាជិកសមាជិកាថ្មីទាំងអស់ផងដែរថា ការសម្រេចចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា របស់លោក លោកស្រី នៅពេលនេះគឺជាការសម្រេចដ៍ត្រឹមត្រូវ ព្រោះគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សចាស់ទុំមួយ មានប្រវត្តិតស៊ូជាយូរលង់មកហើយ ហើយចាប់បដិសន្ធិនៅថ្ងៃទី២៨ខែមិថុនាឆ្នាំ១៩៥១ គិតមកដល់ពេលនេះមានអាយុកាល៧១ឆ្នាំ ដោយបានធ្វើការតស៊ូរំដោះប្រជាតិគ្រប់កាលៈទេសៈ ពិសេសគឺកើតឡើងដោយវណ្ណះកម្មករ កសិករ។
លោក មាស សុភា ក៏បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា គណបក្សប្រជាជនកម្ពុជាដែលមានភាពខ្លាំងនិងដឹកនាំប្រទេសជាតិរហូតមកដល់សព្វថ្ងៃនេះ គឺមានចំណុច៥ធំៗរួមមាន៖
*ទី១៖ គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយដឹកនាំត្រឹមត្រូវ ទាំងនយោបាយក្រៅប្រទេស ទាំងនយោបាយក្នុងប្រទេស
*ទី២៖ មានការគាំទ្រពីប្រជាពលរដ្ឋ
*ទី៣៖ គណបក្សប្រជាជនកម្ពុជាមានរចនាសម្ព័ន្ធពីលើដល់ក្រោម
*ទី៤៖ របៀបរបបការងាររបស់គណបក្សប្រជាជនកម្ពុជាគឺខុសពីគណបក្សផ្សេង គឺសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ថ្នាក់លើគោរពថ្នាក់ក្រោម មានសាមគ្គីភាពផ្តៃក្នុងរឹងមាំ
*ទី៥៖ សិល្បះនៃការចែករំលែកនូវថវិកា។
លោក មាស សុភា ក៏បានថ្លែងអំពាវនាវឱ្យចូលរួមការពារសុខសន្តិភាពដែលយើងដណ្តើមបានដោយលំបាក ប្រឆាំងចំពោះអ្នកណាឫក្រុមណាដែលមានបំណងបំផ្លាញសុខសន្តិភាព ត្រូវបន្តគាំទ្រគោលនយោបាយរបស់គណបក្ស តាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណ ពិសេសសូមអញ្ជើញទៅខូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះឱ្យបានគ្រប់គ្នា និងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕