(ភ្នំពេញ)៖ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធ បានអំពាវនាវឱ្យពលរដ្ឋ និងអ្នកជាប់ពន្ធទាំងអស់ ប្រើប្រាស់កម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារ ដែលហៅកាត់ថា GDT Check&Track ដើម្បីជៀងវាងករណីទារប្រាក់ ឬការក្លែងបន្លំផ្សេងៗពីមន្រ្តីក្លែងក្លាយ ដែល ស្លៀកឯកសណ្ឋានជាមន្រ្តីពន្ធដារ។

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អំពាវនាវបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធីពិសេសស្តីពី «វិក្កយបត្រនាំសំណាង- GDT Lucky Draw» ដែលផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២។

លោក គង់ វិបុល បាន ឱ្យដឹងថា តាមរយៈ App GDT Check&Track ពលរដ្ឋ និងអ្នកជាប់ពន្ធទាំងអស់អាច តាមដានឯកសារ ត្រួតពិនិត្យលតាបត្រ ត្រួតពិនិត្យបង់ពន្ធប្រថាប់ត្រាអចលនទ្រព្យ ត្រួតពិនិត្យប័ណ្ណសម្គាល់ខ្លួនមន្រ្តី ត្រួតពិនិត្យបង្កាន់ដៃបង់ប្រាក់ពន្ធ និងត្រួតពិនិត្យឯកសារផ្សេងៗជាដើម។ ពលរដ្ឋ និងអ្នកជាប់ពន្ធ អាចស្កែន QR Code ដែលមាននៅលើឯកសារ ព្រោះត្រា ឬហត្ថលេខា ជនខិលខូចអាចក្លែងបន្លំបាន ប៉ុន្តែ QR Code មិនអាចក្លែងបន្លំបាននោះទេ ដែលលោកអះអាថា ការប្រើប្រាស់ App នេះគឺជាការចូលចំណែកពង្រឹងការផ្តល់សេវាពន្ធដារ និង E-government ។

ការអំពាវនាវ របស់លោក គង់ វិបុល បន្ទាប់ពីមានបុគ្គលមួយក្រុមបានក្លែងបន្លំជាមន្រ្តីពន្ធដារ ដើរបោកប្រាក់ពីជនរងគ្រោះដែលចង់ចូលបម្រើការងារជាមន្រ្តីពន្ធដារ តាមរយៈការក្លែងបន្លំហត្ថលេខាត្រា និងកម្មប្រាក់មុខងារសាធារណៈ។

បច្ចុប្បន្ននេះ ក្នុងចំណោមជនខិលខូចទាំងនេះ មនុស្ស៨នាក់ត្រូវបានចាប់ខ្លួន ក្នុងបទបចោទ កេងបន្លំឯកសណ្ឋានរបស់អគ្គនាយកដ្ឋានពន្ធដារ, ក្លែងបន្ថំឯកសារ សារធារណៈរបស់អគ្គនាយកដ្ឋានពន្ធដារ ដូចជាការបង់ប្រាក់ខែ ការធ្វើត្រាក្លែងក្លាយ ការក្លែងបន្លំហត្ថលេខាថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ និងការឆបោកប្រាក់ពីជនរងគ្រោះដើម្បីបានចូលបម្រើការងារជាមន្រ្តីពន្ធដារជាដើម។ ជនទាំងនេះត្រូវបានជាប់ឃុំនៅពន្ធនាគារ និងកំពុងដំណើរការនិតិវិធី តុលាការ ។ បើទោះបីជាពួកគេ ដាក់លិខិតសុំទោសក៏ដោយ ប៉ុន្តែករណីនេះមិនអាចលើកលែងបាននោះទេ។

លោកបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ ក៏កំពុងស៊ើបអង្កេតបន្ត ដើម្បីស្វែងរកអ្នកប្រព្រឹត្តិបែបនេះផងដែរ។ ជាមួយគ្នានេះ ក៏មានករណីក្លែងបន្លំការបង់ពន្ធប្រថាប់ត្រា ទៅកាន់មន្រ្តីសុរិយោដី ដែលត្រូវតែចាត់វិធានការ។

លោក គង់ វិបុល បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារបានខិតខំក្នុងការផ្តល់សេវាកម្មល្អប្រសើរហើយដល់ប្រជាពលរដ្ឋ ស្របពេលដែលរាជរដ្ឋាភិបាលបន្តពង្រឹងនូវអភិបាលកិច្ចល្អ តម្លាភាព ប្រសិទ្ធិភាព និងស័ក្កសិទ្ធភាព ដើម្បីបង្កើនការប្រមូលចំណូលជូនជាតិ ប៉ុន្តែ ទង្វើរបស់ជនទាំងនេះ បានធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះស្ថាប័ននេះ។

ជាមួយគ្នានេះ លោកបញ្ជាក់ថា សម្រាប់អ្នកដែលចូលបម្រើការងារជាមន្រ្តីពន្ធដារ សូមដាក់ពាក្យចូលប្រឡងឱ្យបានត្រឹមត្រូវនៅពេលដែលមានការប្រកាសមន្រ្តី កុំចូលតាមក្រុមឆបោកទាំងនេះ ដែលនាំ ឱ្យខាតបង់ថវិកា៕