(កណ្តាល)៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ លោក នុត ពុធដារ៉ា ប្រធានក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល បានដឹកនាំក្រុមការងារចុះជួយភូមិ បេក្ខជនក្រុមប្រឹក្សាសង្កាត់ សាខាបក្សភូមិ ចុះផ្សព្វផ្សាយគោលនយោបាយគណបក្ស បិទស្ទីកគ័រ ចែកខិត្តបណ្ណ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងសង្កាត់កោះអន្លង់ចិន។
នាឱកាសចុះផ្សព្វផ្សាយគោលនយោបាយបក្ស និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមផ្ទះ, លោក នុត ពុធដារ៉ា បានសុំការគាំទ្របន្ថែមពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចំពោះ បេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍកសាងសមិទ្ធផលនានាបន្ថែមទៅលើសមិទ្ធផលជាច្រើនរាប់មិនអស់ របស់គណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានោះ លោកប្រធានក្រុមការងារ ក៏បានរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបកាប់សម្លាប់ដែលដឹកនាំដោយបនប្រល័យពូជសាសន៍ ប៉ុល ពត។
លោកប្រធានក្រុមការងារ បានរម្លឹកទ្បើងវិញអំពីប្រវត្តិសាស្ត្រជាង៤០ឆ្នាំមុន ដែលសម្តេចបានលះបង់សាច់ស្រស់ឈាមស្រស់តស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ហើយនោះគឺជាសច្ចធម៌ ប្រវត្តិសាស្រ្តមិនអាចកាត់ថ្លៃបានទ្បើយ។ ក្រោយមកទៀតសម្តេចក៏បានបន្តស្វែងរកសុខសន្តិភាពតាមនយោបាយឈ្នះឈ្នះជូនប្រទេសជាតិរហូតកម្ពុជាទទួលបានសន្តិភាពពេញលេញមកដល់សព្វថ្ងៃ ហើយបង្កលក្ខណៈឲ្យ ប្រជាពលរដ្ឋប្រកបមុខរបរដោយសុវត្ថិភាព បង្កើនជីវភាពគ្រួសារជាលំដាប់ ខណៈដែលប្រទេសជាតិក៏មានការរីកចម្រើនគួរជាទីមោទនភាព។
លោកបានបញ្ជាក់ថា «អ្វីទាំងអស់ដែលកម្ពុជាទទួលបានភាពសម្បូររុងរឿង និងភាពល្បីរន្ទឺទូទាំងពិភពលោកដូចសព្វថ្ងៃនេះ គឺដោយសារការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា»។
លោកបានឱ្យរំលឹកកាន់តែច្បាស់ទៀតថា ក្រៅពីនោះអំទ្បុងពេលកូវីដ១៩ សម្តេចតេជោបានស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ខណៈដែលប្រទេសជាច្រើនលើសកលលោកពុំមានវ៉ាក់សាំងចាក់ជូន ប្រជាពលរដ្ឋ។ ទន្ទឹមនោះ យុទ្ធសាស្ត្រវ៉ាក់សាំងរបស់សម្តេចតេជោធ្វើឲ្យមានភាពស៊ាំក្នុងសហគមន៍ រហូតមានលទ្ធភាពបើកប្រទេសទ្បើងវិញ។ ដូច្នេះអ្វីទាំងអស់នេះគឺជានយោបាយដ៏ឈ្លាសវៃរបស់សម្តេចតេជោ ដែលប្រជាពលរដ្ឋទាំងអស់គ្នាមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ឧត្តងឧត្តមរបស់សម្តេចតេជោ និងគណបក្សប្រជាជនបាននោះទ្បើយ។
នៅចំពោះមុខប្រជាពលរដ្ឋនៅតាមផ្ទះ លោក នុត ពុធដារ៉ា សុំអំពាវនាវដល់ពួកគាត់ ត្រៀមឯកសារសំខាន់ គឺអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលបម្រើដល់ការបោះឆ្នោត សម្រាប់ការចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដែលប្រព្រឹត្តទៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅតាមការិយាល័យបោះឆ្នោតរៀងៗខ្លួន និងសូមគាំទ្របេក្ខភាពចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំមូលដ្ឋានភូមិសង្កាត់របស់យើងកាន់តែរីកចម្រើនបន្តទៀត៕